ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងវប្បធម៌ ៖ ប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah របស់ថៃ ចម្លងប្លង់ប្រាសាទអង្គរវត្ត

ក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤០របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​អះអាងថា ការសាងសង់ប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah មានទីតាំងនៅខេត្តបុរីរម្យ ប្រទេសថៃ គឺចម្លងប្លង់ប្រាសាទអង្គរវត្ត ដែលនេះគឺជាការបំពានលើអត្តសញ្ញាណនិងព្រលឹងវប្បធម៌ជាតិខ្មែរ។

លោកជំទាវ​សង្កត់ធ្ងន់ថា ការសាងសង់ប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah ដោយចម្លងប្លង់ប្រាសាទអង្គរវត្ត គឺការបំពានទាំងស្រុងទៅនឹងកាតព្វកិច្ចក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៧២ បំពានទៅលើតម្លៃលេចធ្លោជាសកល និងសភាពដើមនៃរមណីយដ្ឋានអង្គរ បំពានទៅលើអត្តសញ្ញាណនិងព្រលឹងជាតិវប្បធម៌ខ្មែរ និងជាកង្វះខាតផ្នែកសីលធម៌បេតិកភណ្ឌយ៉ាងធ្ងន់ធ្ងរ។

គួរជម្រាបថា Siha Nakhon នៅក្នុងវត្ត Phu Man Fah ត្រូវបានសាងសង់ឡើងកាលពីអំឡុងឆ្នាំ២០២១ ដោយបានចម្លងប្លង់ និងរចនាបទប្រាសាទអង្គរវត្តរបស់ខ្មែរទាំងស្រុង។ ភ្លាមៗក្រោយលេចឮដំណឹងនេះ នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២១ ក្រសួងវប្បធម៌កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយផ្អែកតាមការបំភ្លឺរបស់ចៅអធិការវត្តភូម៉ានហ្វា ថា ការសាងសង់ប្រាសាទសីហនគរពុំបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបទស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្តនោះទេ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង។

ក្រោយមកនៅថ្ងៃទី២៦​​​ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងវប្បធម៌កម្ពុជា ក៏បានចេញសេចក្តីជូនដំណឹងជុំវិញការសាងសង់សំណង់នៅវត្តភូម៉ានហ្វា និងដោយបញ្ជាក់ថា ក្រុមការងារក្រសួងបានតាមដានជាប់ជាប្រចាំដោយផ្តោតលើសកម្មភាពទំនាក់ទំនងការទូត ដោយបានបញ្ចូនអ្នកសិក្សាស្រាវជ្រាវ ដើម្បីចុះទៅពិនិត្យទីតាំងសាងសង់ផ្ទាល់ ប៉ុន្តែស្ថានភាពពេលនោះ អ្នកជំនាញចុះទៅពិនិត្យឃើញថា សំណង់នោះមិនទាន់មានការសងសង់បន្ថែមនៅឡើយ។ ក្នុងសេចក្តីជូនដំណឹងកាលនោះ ក្រសួងវប្បធម៌ក៏មិនភ្លេចបញ្ជាក់ពីជំហររបស់ខ្លួនក្នុងការទប់ស្កាត់ទង្វើទាំងឡាយណាដែលបានចម្លងអត្តសញ្ញាណជាតិខ្មែរ ដោយផ្អែកលើសកម្មភាពការទូត ការងារតាមផ្លូវច្បាប់ទាំងជាតិ និងអន្តរជាតិ៕