ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ស្នើជប៉ុនជួយដោះស្រាយជម្លោះកម្ពុជា-ថៃតាមគោលការណ៍សន្តិវិធី និងច្បាប់អន្តរជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យជប៉ុនចូលរួមជំរុញការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃតាមរយៈគោលការណ៍សន្តិវិធី និងគោរពច្បាប់អន្តរជាតិ។ ការលើកឡើងនេះធ្វើឡើងក្នុងឱកាសជួបពិភាក្សាជាមួយលោក ម៉រីស៊ីតា យ៉ាសុណរី (Morishita Yasunori) មេបញ្ជាការកងទ័ពជើងគោកជប៉ុន នៅវិមានព្រឹទ្ធសភា។

សម្តេចតេជោ បានពន្យល់ថា ជម្លោះកើតឡើងដោយសារទាហ៊ានថៃឈ្លានពានដែនដីកម្ពុជា និងបាញ់សម្លាប់យុទ្ធជនកម្ពុជាម្នាក់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ទោះជាមានសកម្មភាពរំលោភពីថៃ កម្ពុជានៅតែជ្រើសរើសវិធានការសន្តិវិធី ដោយជំរុញឱ្យភាគីទាំងពីរដោះស្រាយតាមរយៈការចរចា ឬការទូតអន្តរជាតិ ជាពិសេសតាមរយៈតុលាការអន្តរជាតិ (ICJ)។

“យើងមិនចង់ឃើញសង្គ្រាម គឺចង់ឃើញព្រំដែនសន្តិភាពដែលមានកិច្ចសហប្រតិបត្តិការល្អ” ជាសារច្បាស់លាស់ដែលសម្តេចតេជោ បញ្ជាក់ជូនភាគីជប៉ុន

លោក ម៉រីស៊ីតា បានបញ្ជាក់ថា ជប៉ុនគាំទ្រការដោះស្រាយជម្លោះតាមផ្លូវសន្តិវិធី។ គណៈបេសកកម្មជប៉ុនក៏បានចូលរួមរំលែកមរណទុក្ខចំពោះការស្លាប់របស់យុទ្ធជនកម្ពុជា លោក សួន រ៉ោន។

កិច្ចពិភាក្សានេះគឺជាផ្នែកមួយនៃការពង្រឹងសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។ សម្តេចតេជោ បានសរសើរដំណើរទស្សនកិច្ចរបស់នាវាយោធាជប៉ុនមកកម្ពុជា កាលពីខែមេសា និងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅជប៉ុនដែលបានជោគជ័យ។ លោក ម៉រីស៊ីតា ក៏បានទទួលគ្រឿងឥស្សរយសពីសម្តេចធិបតី ដោយសារការចូលរួមពង្រឹងសមត្ថភាពការពារជាតិរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យអន្តរជាតិ ជាពិសេសជប៉ុន ជួយឱ្យថៃគោរពច្បាប់អន្តរជាតិ និងឈប់ធ្វើសកម្មភាពអាជ្ញាធិការមួយផ្តាច់មុខ។ ការដោះស្រាយតាមរយៈតុលាការអន្តរជាតិគឺជាដំណោះស្រាយប្រកបដោយនិរន្តរភាព និងយុត្តិធម៌។

អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ បានបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ជប៉ុននឹងបន្តរីកចម្រើន ជាពិសេសក្នុងវិស័យសន្តិសុខ និងការពារជាតិ៕