ក្រសួងអប់រំណែនាំឱ្យគ្រឹះស្ថានសិក្សាទាំងអស់ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់សេវាទូទាត់នានា
ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលសម្រាប់សេវាទូទាត់សងប្រាក់ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ ធនាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រប់ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលស្ថិតនៅក្រោមចំណុះក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាពបើកគណនីប្រាក់បញ្ញើ គណនីទូទាត់សងប្រាក់ជាប្រាក់រៀល និងបើកប្រាក់បៀវត្ស តាមប្រព័ន្ធធនាគារជូនដល់គ្រប់បុគ្គលិកអប់រំទាំងអស់រួមមាន បុគ្គលិកពេញម៉ោង បុគ្គលិកកិច្ចសន្យា និងបុគ្គលិកវេលាកាល ទាំងជនជាតិកម្ពុជា និងបរទេស។
ជាមួយគ្នានេះ ក៏ត្រូវបង្ហាញតម្លៃសិក្សា និងសេវានានាជាប្រាក់រៀល (ជារូបិយប័ណ្ណចម្បងលើការកំណត់តម្លៃ)។ តម្លៃជា រូបិយប័ណ្ណបរទេស អាចគណនាដោយផ្អែកលើអត្រាប្តូរប្រាក់ផ្លូវការ។
ក្រសួងក៏ស្នើឱ្យរៀបចំយន្តការសម្របសម្រួល និងលើកទឹកចិត្តដល់បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតាឬ អ្នកអាណាព្យាបាលរបស់សិស្ស និងអ្នកពាក់ព័ន្ធ ក្នុងការធ្វើប្រតិបត្តិការទូទាត់ទៅគណនីធនាគារ ជាប្រាក់រៀលក្នុងសកម្មភាពដូចជា ការបង់ថ្លៃសិក្សា និងសេវាទូទាត់ផ្សេងៗ៕