ទាហាន ៥០០នាក់ និងអាវុធ២០០ដើម បានចេញដំណើរទៅកាន់ព្រំដែនជាប់ប្រទេសវៀតណាម
នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានបញ្ចេញទាហានចំនួន៥០០នាក់ រួមជាមួយអាវុធ២០០ដើម ទៅកាន់តំបន់ព្រំដែនក្នុងខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម ដើម្បីត្រៀមបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ដែលហោះចូលមកទឹកដីនៃប្រទេសកម្ពុជា។ ការបញ្ចេញកម្លាំងទាហានបន្ទាន់នេះ គឺក្រោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារជាសំឡេង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញបទបញ្ជាជាបន្ទាន់មួយឱ្យកម្លាំងយោធាកម្ពុជា បាញ់កម្ទេចដ្រូនចារកម្មគ្មានមនុស្សបើក ដែលហោះចូលដែនអាកាសកម្ពុជា នៅក្នុងខេត្តរតនគិរី។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានកងអង្គរក្ស ឱ្យបញ្ចេញសព្វាវុធសម្រាប់ការបាញ់យ ន្តហោះ ទៅកាន់តំបន់ដែលដ្រូនគ្មានមនុស្សបើកនេះហោះចូល។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីករណីវាយប្រហារភេរវកម្ម នៅក្នុងទឹកដីវៀតណាម កាលពីប្រមាណ២ស ប្តាហ៍កន្លងទៅនេះ ដែលកម្ពុជាបានសហការយ៉ាងល្អជាមួយវៀតណាម ក្នុងការទប់ស្កាត់ក្រុមភេរវកម្មដែលបាក់ទ័ពរត់ចូលមកទឹកដីកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប៉ុន្មានថ្ងៃនេះ មានដ្រូនជាច្រើនគ្រឿង បានហោះ និងធ្លាក់ចូលទឹកដីកម្ពុជា ដែលតាមការបញ្ជាក់ពីភាគីវៀតណាម មិនមែនជាដ្រូនវៀតណាមឡើយ។ ដូច្នេះ ដ្រូនទាំងនោះជាដ្រូនរបស់ក្រុមវាយប្រហារវៀតណាម។ ទន្ទឹងនឹងនោះ មានមួយចំនួននៃកងទ័ពភេរវកម្មទាំងនោះ កំពុងបាក់ទ័ពរត់ចូលទឹកដីកម្ពុជា។
សម្តេចតេជោ បានបញ្ជាឱ្យកងទ័ពនៅបញ្ជាការដ្ឋានអង្គរក្ស៥០០នាក់ និងកាំភ្លើងបាញ់យន្តហោះ ២០០ដើម ចេញជាបន្ទាន់ ដើម្បីពង្រាយគ្រប់ច្រកល្ហកសម្រាប់បាញ់ទម្លាក់ដ្រូនទាំងនោះ៕