ព័ត៌មានជាតិ

សម្តេចតេជោ ៖ ល្បែងគំរាមដែលនាំដល់ការខាតបង់ខ្លួនឯង, កម្ពុជាមិនស្លាប់​ដោយសារ​មិន​នាំ​ប្រេង​ពី​ថៃមកនោះទេ

ជាការឆ្លើយតបទៅ​នឹង​មន្រ្តីបក្ស​ប្រឆាំង​ថៃមួយ ដែល​បាន​ជូន​យោបល់​ទៅ​រដ្ឋាភិបាល​របស់ខ្លួន​ឱ្យ​ឈប់​លក់​ប្រេងមក​កម្ពុជា ដែល​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ចុះចាញ់នោះ នៅយប់ថ្ងៃសុក្រនេះ (២០ មិថុនា) សម្តេចតេជោ ហ៊ុន សែន បាន​បញ្ជាក់តាម​រយៈ​បណ្តាញ​សង្គម​ទៅភាគីថៃថា កម្ពុជាមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញ។ តើអ្នកចង់ឱ្យ​ក្រុមហ៊ុនថៃ PTT ស្លាប់មែនទេ? បើចង់សូមឲ្យអ្នកធ្វើតាមបំណងចុះ។

សម្តេចតេជោ​បន្តថា សម្រាប់កម្ពុជា បានត្រៀមខ្លួនរួចរាល់ដើម្បីដោះស្រាយស្ថានភាពដែលពួកអ្នកគំរាមរួចហើយ អុីនធើណែត អគ្គិសនី ពលករ និងពេលនេះ ល្បែងប្រេងធ្វើជាអាវុធប្រឆាំងយើងទៀត។ បញ្ហាពលករពេលមុន ពួកអ្នកមើលងាយ និងរើសអើងពលករខ្មែរ និងយកពលករធ្វើជាចំណាប់ខ្មាំងផង និងគំរាមយើងផង តែពេលដែលយើងប្រកាសទទួលយកពលករ ពេលនេះពួកអ្នកបែរជាចេះយកចិត្ត និងលួងលោមពលករ ព្រោះបើពលករខ្មែរចាកចេញរោងចក្រកសិដ្ឋាន ក្រុមហ៊ុន ការដ្ឋានសំណង់មួយចំនួន អាចត្រូវបិទទ្វារ ព្រោះខ្វះកម្លាំងពលកម្ម។ បើពួកអ្នកក្លាហាន សូមពួកអ្នកបណ្តេញពលករខ្មែរសាកល្បងមើល តើវាប៉ះពាល់សេដ្ឋកិច្ចថៃខ្លះទេ? ប្រេងក៏ដូចគ្នាសូមសាកល្បងមើលចុះ តែគួរសួរក្រុមហ៊ុនថៃ PTT ជាមុនសិន ព្រោះក្រែងវាងាប់ក្រុមហ៊ុនថៃ ដែលកំពុងមានស្ថានីយលក់ប្រេងនៅកម្ពុជា ឬក៏ត្រូវឲ្យក្រុមហ៊ុនប្រេងរបស់ថៃ ទៅទិញប្រេងពីប្រទេសផ្សេងមកលក់នៅកម្ពុជា។

ក្នុងនាមជាប្រធានគណបក្ស សម្តេចតេជោក៏​បាន​ផ្តល់យោបល់ជូនរាជរដ្ឋាភិបាលពិចារណា និងម្ចាស់ការជាមុន ដោយបង្វែរការទិញទំនិញពីប្រទេសថៃ ដើម្បីកុំឱ្យ​គេមានហេតុផលគំរាមយើងតទៅទៀត និងចំពោះមុខប្រសិនច្រកទ្វារព្រំដែនមិនទាន់កែសម្រួលឱ្យ​ដូចដើមវិញ កម្ពុជាគួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទ តាំងពីគ្រឿងស្រវឹង ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទរហូតដល់ត្រីខកំប៉ុង ឬសាច់កំប៉ុងគ្រប់ប្រភេទ ជំនួសដោយប្រើផលិតផលក្នុងស្រុក ឬផលិតផលនាំចូលពីប្រទេសផ្សេងៗក្រៅពីប្រទេសថៃ។ ប្រជាជនកម្ពុជាយើងគួរសម្លឹងមើលឱ្យ​ឆ្ងាយ លើសពីព្រំដែនកម្ពុជា និងលើសពីឆ្នាំ២០៣០៕