ព័ត៌មានជាតិ

សម្តេចធិបតី សម្តែង​ការ​ស្វាគមន៍​ព្រះតេជគុណ (លោកឪស៊ុច) ក្នុងការ​រស់នៅ​ប្រទេស​កម្ពុជា

ឆ្លើយតបទៅនឹងសំណូមពររបស់ព្រះតេជគុណ (លោកឪស៊ុច) ដែល​បានភៀសខ្លួន​មក​ដល់ប្រទេស​កម្ពុជា ក្រោយ​ពីមានការ​រើសអើងពីអាជ្ញាធរថៃ នៅយប់ថ្ងៃទី១៩ មិថុនា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) គ្រប់ពេលវេលា។

សម្តេចនាយករដ្ឋមន្រ្តី​បានសរសេរនៅលើបណ្តាញសង្គមថា មិនត្រឹមតែចំពោះលោកឪស៊ុចទេ បើសិនជាមានព្រះតេជគុណព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ឬដោយសារតែការបញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន ខ្ញុំព្រះករុណាខ្ញុំ សូមនិមន្តនិងអញ្ជើញព្រះតេជគុណនិងបងប្អូនមករស់នៅនៅប្រទេសកម្ពុជា។

សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាលនិងប្រជាជនខ្មែរស្វាគមន៍ព្រះតេជគុណ និងបងប្អូនគ្រប់ពេលវេលា ហើយធានាថានឹងមិនមានការរើសអើង ឬចាប់ជនជាតិខ្មែរយើងបញ្ជូនទៅប្រទេសណាផ្សេងនោះទេ៕