យុវជន និងពលរដ្ឋខ្មែររាប់ម៉ឺននាក់ ចូលរួមថ្មើរជើងគាំទ្ររាជរដ្ឋាភិបាល និងផ្តល់ជាកម្លាំងចិត្តដល់វីរយុទ្ធជនកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន
នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ការដើរដោយថ្មើរជើងចេញពីទីតាំងចាប់ផ្ដើមពីកោះពេជ្យ មកវិមានឯករាជ្យ មានការចូលរួមពីប្រជាពលរដ្ឋខ្មែរយើងដែលមក ពីគ្រប់ទិសទី រាប់សិបម៉ឺននាក់ រួមគ្នាសម្តែងទឹកចិត្ត និងការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់វីរៈយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដី។
លោក ហ៊ុន ម៉ានី ប្រធានសហ ភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំការដើរដោយថ្មើជើងនេះ មានប្រសាសន៍ថា ការជួបជុំគ្នាដោយថ្មើជើងនៅថ្ងៃនេះ បង្ហាញនូវការគាំទ្ររាជរដ្ឋាភិបាល និងគាំទ្រកងកម្លាំងប្រដាប់អាវុធនៅជួរមុខ។
លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍បន្តទៀតថា ការជួបជុំនេះ សបញ្ជាក់ពីទឹក ចិត្តកូនខ្មែរ ដែលមានការគិតគូយល់ពីសុខទុក្ខ ដែលជាការរួមចំណែក បង្ហាញពីមោទនភាព ចង់បង្ហាញពីសេចក្តីស្រឡាញ់ ចង់បង្ហាញទៅលើការគាំទ្រ ការជឿជាក់ដល់ព្រះរាជាណាចក្រកម្ពុជា ជឿជាក់ទៅលើព្រះមហាក្សត្រ ជឿជាក់ទៅលើសម្តេចតេជោ ជាពិសេសជឿជាក់ទៅលើសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
តាមរយៈបណ្តាញសង្គមនៅព្រឹកនេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងក្តីរំភើប ដោយថា ទិដ្ឋភាពនៃការចូលរួមរបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលមកពីគ្រប់ទិសទីទាំងអស់ចូលរួមសម្តែងទឹកចិត្ត និងការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់បងៗវីរៈយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដី។
សម្តេចបញ្ជាក់ថា ជំហររបស់យើងគឺមិនចង់បានដីរបស់អ្នកណាម្នាក់សូម្បីមួយមីលីម៉ែត្រ ប៉ុន្តែយើងការពារដាច់ខាតមិនឲ្យអ្នកណាឈ្លានពានទឹកដីកម្ពុជាមួយមីលីម៉ែត្រដូចគ្នា។ យុវជនកម្ពុជារួបរួមសាមគ្គី និងប្តេជ្ញាចិត្តជាដាច់ខាត ចូលរួមធ្វើជាខឿនការពារជាតិ ប្រជាជននៅគ្រប់កាលៈទេសៈ៕