ព័ត៌មានជាតិ

ក្រសួងការពារជាតិ ៖ ភាគីថៃមិនបានគោរពកិច្ចព្រមព្រៀង ដោយបង្កើន​សកម្មភាព​បង្ហោះដ្រូន ចល័តអាវុធគាំទ្រ និង​បង្កើនចំនួនទាហាន​នៅ​តាម​ព្រំដែន​ក្នុង​ភូមិ​សាស្រ្ត​ខេត្តព្រះវិហារ និង​ឧត្តរមានជ័យ

តាមរយៈសេចក្តីប្រកាស​ព័ត៌មាន​ចេញផ្សាយ​នៅ​ព្រលប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០២៥ ក្រសួងការពារ​កម្ពុជា បានសម្តែង​ការ​សោក​ស្តាយ​ចំពោះភាគីថៃ ដែល​មិន​បាន​គោរព​នូវ​កិច្ច​ព្រមព្រៀង ហើយ​ថែមទាំង​បាន​បង្កើន​ការ​ធ្វើសកម្មភាព​រំលោភបំពាន​លើអធិបតេយ្យ និង​បូរណភាពទឹកដី​កម្ពុជា ផ្ទុយ​ពី​អនុស្សារណៈយោគយល់គ្នា​ឆ្នាំ២០០០ (MoU2000)។

បើតាម​ក្រសួងការពារជាតិ ភាគីថៃបានបង្កើនសកម្មភាពបង្ហោះដ្រូន ការជីកលេណដ្ឋាន ការបង្កើន និងចល័តអាវុធគាំទ្រ និងសព្វាវុធគ្រប់ប្រភេទ ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនចំនួនទាហាននៅតាមព្រំដែនក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលជាការ គំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខនៃប្រទេសទាំងពីរ។

យ៉ាងណាក៏ដោយ កងទ័ពកម្ពុជា បានបង្ហាញ​ការ​គាំទ្រជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី និងរក្សាជំហរយ៉ាងមុតមាំទាំងកងទ័ព ទាំងប្រជាជននៅទូទាំងប្រទេស គោរពអធិបតេយ្យរបស់ប្រទេសជិតខាង និង ប្តេជ្ញាប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព ប៉ុន្តែមិនអនុញ្ញាតជាដាច់ខាតដល់ការប៉ុនប៉ងរំលោភឈ្លានពានពីប្រទេស ណាមួយឡើយ ហើយប្តេជ្ញាការពារបូរណភាពទឹកដីទោះជាក្នុងតម្លៃណាក៏ដោយ៕