ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ច្រានចោលសំណើទិញដីបឹង ជាង១ពាន់ហិកតា ក្នុងស្រុកល្វាឯម សម្រាប់អភិវឌ្ឍជាទីក្រុងរណប

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានច្រាន ចោលនូវសំណើទិញដីបឹងដែលមាន ទំហំ១០០០ហិកតា នៅឃុំបារុង ស្រុកល្វាឯម ខេត្ត កណ្តាល ដើម្បីអភិវឌ្ឍជាទីក្រុងរណបបែបទំនើប និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

យោងតាមលិខិតស.ជ.ណរបស់ទីស្តីការគណៈរដ្ឋមន្រ្តីចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ​២០២១ បានឱ្យដឹងថា ករណីក្រុមហ៊ុនសំណង់ «ឈ្នះ ឈ្នះ» តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកណ្តាល ដែលបានស្នើសុំរាជរដ្ឋាភិបាល ទិញដីបឹង ១០០០ ហិកតា ក្នុងឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល សម្រាប់រៀបចំអភិវឌ្ឍ ជាទីក្រុងរណបបែបទំនើប និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនោះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលច្រានចោល។

ស.ជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ដដែលបានបញ្ជាក់ថា យោងតាមចំណាររបស់សម្តេចតេជោ រាជរដ្ឋាភិបាលសម្រេចត្រូវរក្សាទីតាំងដីដែលក្រុមហ៊ុនសំណង់ ឈ្នះ ឈ្នះ ស្នើសុំទិញនោះ ជាផ្ទៃបឹងធម្មជាតិ សម្រាប់បម្រើប្រយោជន៍សាធារណៈ។

បន្ថែមពីនោះទៀត ចាំបាច់ត្រូវរក្សាទុកបឹងនេះ ហើយរកវិធីជីកឱ្យបានជ្រៅ ដើម្បីរក្សាទឹក និងជាពិសេសនោះ ក្រសួងកសិកម្ម និងរដ្ឋបាលខេត្តកណ្ដាល ត្រូវបញ្ឈប់ការទទួល និងលើកសំណើដីតំបន់នេះមកទៀត ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *