
អ្នកធ្វើដំណើរតាមផ្លូវអាកាសមានចំនួនកើនឡើង១៨០ ភាគរយក្នុងរយៈពេល ៨ ខែដំបូង
របាយការណ៍ដែលចេញផ្សាយដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកាលពីថ្ងៃចន្ទបានឱ្យដឹងថា កម្ពុជាទទួលបានអ្នកធ្វើដំណើរតាមផ្លូវអាកាសចំនួន ៣.៤ លាននាក់ក្នុងអំឡុងពេល៨ខែដំបូងនៃឆ្នាំ២០២៣កើនឡើង១៨០ភាគរយបើធៀបនឹងឆ្នាំមុន។
របាយការណ៍បានអោយដឹងទៀតថា ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ និងក្នុងស្រុកបានដំណើរការជើងហោះហើរសរុបចំនួន ៣៣,១៤៦ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិចំនួនបីរបស់កម្ពុជាក្នុងអំឡុងខែមករាដល់ខែសីហាឆ្នាំនេះ ដែលកើនឡើង ១១៤ ភាគរយបើធៀបនឹងឆ្នាំមុន។
ឯកឧត្តម ស៊ិន ច័ន្ទសេរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បាននិយាយថា កម្ពុជារំពឹងថានឹងទាក់ទាញអ្នកដំណើរតាមផ្លូវអាកាសប្រមាណ ៤,៦ លាននាក់នៅឆ្នាំនេះ ពោលគឺកើនឡើងតាមការរំពឹងទុកពី ២,៣៨ លាននាក់កាលពីឆ្នាំមុន។
ឯកឧត្តមបានប្រាប់ Xinhua ថា “សម្រាប់ឆ្នាំ២០២៣ យើងព្យាករណ៍ថាចំនួនអ្នកដំណើរតាមផ្លូវអាកាសនឹងកើនឡើងទ្វេដងដោយសារប្រទេសចិនបានបើកឡើងវិញនៅដើមឆ្នាំនេះ ដែលជាកត្តាជំរុញក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មអាកាសចរណ៍” ។
ផ្ទុយពីការកើនឡើងនៃអ្នកដំណើរតាមផ្លូវអាកាស ការដឹកទំនិញតាមផ្លូវអាកាសបានថយចុះចំនួន ១០ ភាគរយមកត្រឹម ៣៤.៨៨១ តោនក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ។
វិស័យទេសចរណ៍នៅតែជាសសរស្តម្ភនៃសេដ្ឋកិច្ចរបស់កម្ពុជា ដូច្នេះហើយវិស័យនេះមានសារៈសំខាន់សម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់រដ្ឋាភិបាលកម្ពុជា។
ក្រសួងទេសចរណ៍បានកំណត់គោលដៅទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៦,៤ លាននាក់នៅឆ្នាំ ២០២៥ និង ៧ លាននាក់នៅឆ្នាំ ២០២៦។
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រថ្មី ដើម្បីលើកកម្ពស់វិស័យទេសចរណ៍កម្ពុជាអោយមានភាពកាន់តែមានភាពប្រកួតប្រជែង និរន្តរភាព និងប្រកបដោយបរិយាប័ន្ន៕