អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនខ្លួនមកដល់ប្រទេសកម្ពុជា
អតីតឧកញ៉ា លោក ហេង សិទ្ធី ដែលបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបរិហារមន្ត្រីជាន់ខ្ពស់កម្ពុជា ត្រូវបានអាជ្ញាធររុស្ស៊ីធ្វើបត្យាប័នបញ្ជូនខ្លួនមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី២៤ ខែឧសភា ទៅតាមសំណើរបស់ក្រសួងយុត្តិធម៌កម្ពុជា។
ការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ី បានរាយការណ៍ថា តបតាមការស្នើរបស់ក្រសួងយុត្តិធម៌កម្ពុជា លោក ហេង សិទ្ធី ត្រូវបានធ្វើបត្យាប័ន ឬបញ្ជូនតាមនីតិវិធីឲ្យប្រទេសកម្ពុជាដើម្បីមកប្រឈមនឹងការទទួលខុសត្រូវចំពោះបទឧក្រិដ្ឋដូចមានចែងក្នុង ក្រមព្រហ្មទណ្ឌកម្ពុជា។
បើតាម លោក សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ហេង សិទ្ធី ត្រូវបានតុលាការចោទប្រកាន់ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស» តាមមាត្រា ៣៧២ និងមាត្រា ៣៧៤ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅកម្ពុជា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤។ លោកបញ្ជាក់បន្ថែមថា លោក ហេង សិទ្ធី ត្រូវបានបញ្ជូនមកដល់កម្ពុជា ហើយសំណុំរឿងនេះកំពុងស្ថិតក្នុងសមត្ថកិច្ចរបស់តុលាការ ដែលនឹងបន្តចំណាត់ការតាមនីតិវិធីច្បាប់៕