សង្គម

ប៉ូលិសខេត្តបាត់ដំបង ២នាក់ ត្រូវ ACU ចាប់ខ្លួន ពាក់ព័ន្ធការដោះលែងអ្នកទោសថៃ ជាថ្នូរនឹងលុយរាប់ម៉ឺនដុល្លារ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាប់ខ្លួនមន្ត្រីប៉ូលិសខេត្តបាត់ដំបងចំនួន ២នាក់ ក្រោយចោទពួកគេពាក់ព័ន្ធនឹងការដោះលែងអ្នកទោសជនជាតិថៃ ដោយទទួលលុយសំណូករាប់ម៉ឺនដុល្លារ។

ជនសង្ស័យទាំងពីររូបដែលត្រូវបានចាប់ខ្លួនមាន ៖ ១.លោក វ៉ន វាសនា (អធិការរងនៃអធិការដ្ឋាននគរបាលស្រុកបវេល) និង ២.លោក តាំង សំណាង (ហៅ សុខ ចន្ទសំណាង) ជាមន្ត្រីនគរបាល ។ ពួកគេត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងសូកប៉ាន់, សម្អាតប្រាក់ខុសច្បាប់, ប្រព្រឹត្តអំពើពុករលួយ តាមមាត្រាទាក់ទងនៃច្បាប់ប្រឆាំងអំពើពុករលួយ និងក្រមព្រហ្មទណ្ឌ។

បន្ទាប់ពីការស៊ើបអង្កេតរបស់ ACU ជនសង្ស័យទាំងពីរត្រូវបានដឹកជញ្ជូនទៅតុលាការ ហើយតុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស។ ការសម្រេចនេះធ្វើឡើងដោយលោក ហុក ពៅ អនុប្រធានសាលាដំបូង និងជាចៅក្រមស៊ើបសួរ។

សូមជម្រាបថា ជនជាប់ចោទ លោក វ៉ន វាសនា ដែលមានតួនាទីជាអធិការរង ត្រូវបានគេសង្កេតឃើញដែលតែងតែបង្ហាញសកម្មភាពការងារ និងកម្សាន្តតាមបណ្ដាញសង្គមទិកតុជារឿយៗ រួមជាមួយរថយន្តសេរីទំនើបៗផងដែរ៕