ព័ត៌មានជាតិ

ក្រសួងទេសចរណ៍រៀបចំពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១ នៅខេត្តស្ទឹងត្រែង

«ពិធីបុណ្យផ្សោតមេគង្គ» រួមជាមួយព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១ រយៈពេល៣ថ្ងៃ គ្រោង​នឹង​ប្រព្រឹត្ត​ធ្វើ​ទៅចាប់ពីថ្ងៃទី៣០ឧសភា រហូតដល់ថ្ងៃទី១មិថុនា ឆ្នាំ២០២៥ នៅសហគមន៍អេកូទេសចរណ៍ព្រះរំកិល អន្លង់ផ្សោតឈើទាល ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

បើតាមសេចក្តីជូនដំណឹង​របស់ក្រសួងទេសចរណ៍ ក្នុងរយៈពេល៣ថ្ងៃនោះ នឹងមានកម្មវិធីសំខាន់ៗរួមមាន ពិធីបុណ្យផ្សោតមេគង្គ (ពិធីសូត្រមន្ត), កម្មវិធីអុំទូកកៃយ៉ាក, ការតាំងពិព័រណ៍ផលិតផលសហគមន៍អេកូទេសចរណ៍ និងម្ហូបអាហារប្រចាំតំបន់, សកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈ មហាជន (រត់ម៉ារ៉ាតុន ដើម្បីសប្បុរសធម៌ ប្រណាំងទូកជាដើម), ការបោះតង់ជំរំទេសចរណ៍នៅលើកោះលន និងកោះទន្សាយ, ទស្សនកិច្ចសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ (ស្តូបប្រវត្តិសាស្ត្របណ្ណាល័យហ្លួងម៉ែ) និងទស្សនកិច្ចទឹកធ្លាក់សុភ័ក្រមិត្ត។

ពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការអភិរក្សផ្សោតមេគង្គ ផ្សព្វផ្សាយតំបន់សក្តានុពលអេកូទេសចរណ៍ សកម្មភាពទេសចរណ៍ ឱ្យកាន់តែសម្បូរបែប និងពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍ឱ្យស្របតាមស្ដង់ដារទេសចរណ៍។ ទន្ទឹមនោះ ក៏ជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិរក្សធនធានធម្មជាតិ អនាម័យបរិស្ថាន សំដៅទាក់ទាញកំណើននៃភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។ ហេតុនេះ ក្រសួងអំពាវនាវឱ្យសាធារណជនចូលរួមឱ្យបានច្រើនកុះករ ជាពិសេស រួមគ្នាជំរុញផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍នារដូវកាលបៃតង (Green season) ស្របតាមយុទ្ធនាការ ផ្សព្វផ្សាយ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» និង «បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»៕