ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋឱ្យស្ងប់ចិត្តលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ហើយជឿជាក់លើការ​ដោះស្រាយរវាង​រាជរដ្ឋាភិបាលទាំងពីរ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់​ឱ្យ​ប្រជាពល​រដ្ឋស្ងប់ចិត្ត​លើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ហើយជឿជាក់លើការដោះស្រាយរវាងរាជរដ្ឋាភិបាលទាំងពីរ។ ត្រូវប្រុង​ប្រយ័ត្ន​ចំពោះព័ត៌មានក្លែងក្លាយ ដែលរុញឱ្យផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរ។

ការអំពាវនាវនេះ តាមរយៈការថ្លែងសារពិសេស ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន បន្តទៀតថា សព្វាវុធ និងកងទ័ព ដែលបានបញ្ជូនទៅកាន់ព្រំដែន មិនមែនដើម្បីវាយថៃ ឬធ្វើ​សង្គ្រាមនោះទេ តែជាការត្រៀមបម្រុងចំពោះយថាហេតុអាក្រក់ណាមួយកើតឡើង។ហេតុការណ៍ផ្ទុះអាវុធ​នៅព្រំដែន​កម្ពុជា-ថៃ មិនមែនជាបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិរបស់ថៃនោះឡើយ។

សម្តេចតេជោ សន្និដ្ឋានថា ហេតុការណ៍នេះ អាចបង្កឡើងដោយបុគ្គល ឬអង្គភាព។ ហេតុការណ៍នៅព្រំដែនកម្ពុជា-ថៃ កាលពីម្សិលមិញ គឺខុសគ្នានឹងព្រឹត្តិការណ៍ឈ្លានពានកែវគិរីស្វារៈកាលពីឆ្នាំ២០០៨។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្នុងសង្គ្រាមនៅព្រះវិហារ និងប្រាសាទតាមាន់ធំ និងតាក្របីពីឆ្នាំ២០០៨ ដល់​ឆ្នាំ២០១១ គឺកម្ពុជាប្រើប្រាស់ភាពអត់ធ្មត់ខ្ពស់បំផុតរហូតដល់កងទ័ពងឿងឆ្ងល់។ ក្នុងសង្គ្រាមនោះទីបញ្ជាការដ្ឋាន​គឺចេញពីផ្ទះរបស់សម្តេចតែម្តង ហើយបញ្ជាតាមប្រព័ន្ធវីដេអូ។ សម្តេចបានរំលឹកថា កាលពីពេលនោះ នាយឧត្តមសេនីយ៍ ជា តារា និង ឈិន ច័ន្ទពណ៌ បានស្នើសុំសម្តេចប្រើកាំភ្លើងធំបាញ់ចូល៤០គីឡូម៉ែត្រទៅក្នុងប្រទេសថៃ តែសម្តេចមិនប្រើ​នោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្លាំងទ័ព និងសព្វាវុធ ដែលបញ្ជូនទៅព្រំដែនមិនមែនដើម្បីវាយថៃនោះទេ តែ​ករណីមានការឈ្លានពាន គឺកម្ពុជាប្រើសិទ្ធិការពារបូរណភាបទឹកដី និងអធិបតេយ្យជាតិ។ ថា បើទោះបីសម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត កំពុងទស្សនកិច្ចនៅក្រៅប្រទេស តែសម្តេចបានធ្វើការជាប់ប្រចាំលើបញ្ហាព្រំដែន ហើយដឹងពី​ភូមិសាស្ត្រនោះច្បាស់។កន្លែងដែលផ្ទុះអាវុធ គឺជាកន្លែងដែលសម្តេចបានទៅដល់កាលពីឆ្នាំ២០០៩ ហេតុអ្វីថៃថាជាដី​របស់ពួកគេ?

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនមែនជាមេដឹកនាំដែលអង្គុយតែក្នុងការិយាល័យនោះទេ គឺតែងតែចុះតាម​មូលដ្ឋាន ហើយនៅសមរភូមិសង្គ្រាម ក៏សម្តេចចុះដែរ។ អ្វីដែលកម្ពុជាចង់បាន គឺចង់បានស្ថានការណ៍នៅព្រំដែនវិល​ត្រឡប់​ទៅសភាពដើមវិញ ហើយសុំឱ្យវាកើតត្រឹមនៅមុំបី កុំឱ្យរីករាយរាលដាលទូទាំងព្រំដែន និងប៉ះពាល់ដល់កិច្ចសហ​ប្រតិបត្តិការលើវិស័យផ្សេងៗទៀត។

សម្តេចតេជោបានមានប្រសាសន៍ប្រកាសស្វាគមន៍ក្រុមហ៊ុនជីបម៉ុង ដែលបានប្រកាសនាំយកអំណោយជាទឹក ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគជូនដល់កងទ័ព។

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅជនជាតិថៃ សិទ្ធិ លីមថងគុល លោកឯងមិនមែនជាកងទ័ពទេ។ សម្តេចតេជោ បានថ្លែងថា យុទ្ធសាស្ត្រសម្តេច បើទ័ពថៃចង់វាយចូលមកដល់អង្គរវត្តដូច សិទ្ធិ លីមថងគុល លើកឡើងនោះ សម្តេចក៏បើកឱ្យវាចូល ដើម្បីបង្ហាញពីការឈ្លានពានដល់អង្គការសហប្រជាជាតិ ហើយសម្តេចនឹងប្រើទ័ពវាយកាត់ផ្តាច់ទ័ពថៃ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តេជោសែន ច្បាស់ណាស់ពីយុទ្ធសាស្ត្រសង្គ្រាម។យន្តហោះអាមេរិក ធ្លាប់ដេញ​បាញ់​សម្តេច តែធ្វើអ្វីមិនបែកនោះឡើយ។ សម្តេចតេជោបានថ្លែងថា ក្នុងសង្គ្រាមបែបនេះ សម្តេចមិនប្រើយន្តហោះនោះទេ តែសម្តេចមានសំណាញ់មេឃ គឺកាំភ្លើង​បាញ់​ទម្លាក់យន្តហោះ។ នៅពេលនេះកម្ពុជា មានកាំភ្លើងការពារអាកាសដែលល្អប្រសើរ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋឧបត្ថម្ភដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់នៃខឿនការពារជាតិ​របស់​កម្ពុជា។ កម្ពុជា ចង់បានព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំសួរសុខទុក្ខទៅដល់កងទ័ពទាំងអស់នៅជួរមុខ ហើយសម្ដេចក៏បានអំពាវនាវដល់កាក​បាទ​ក្រហមនៅខេត្តព្រះវិហារ ជួយដល់ជនភៀសសឹកនៅព្រំដែន៕