គម្រោងជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រខេត្តកំពត បានសិក្សារួចហើយ
ភ្នំពេញ – គម្រោងជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រ នៃខេត្តកំពត ត្រូវបានសិក្សាផ្នែកបច្ចេកទេស និងផ្លូវច្បាប់រួចរាល់ហើយ ដោយនៅរង់ចាំដៃគូអភិវឌ្ឍន៍ប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងជំនួបជាមួយប្រតិភូ សាជីវកម្មធនាគារ ស៊ូមីតូម៉ូ ម៉ីតស៊ុយ – Sumitomo Mitsui Banking Corporation (SMBC) កាលពីពេលថ្មីៗនេះ។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រ នៃខេត្តកំពត គឺជាការសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ។
បើតាមលោករដ្ឋមន្រ្តី គ្រមោងនេះត្រូវបានសិក្សាលម្អិតរួចរាល់ទាំងផ្នែកបច្ចេកទេស និងផ្លូវច្បាប់ ដែលមិនមានអ្វីជាការប៉ះពាល់ឡើយ បើសិនជាយើងរកបានដៃគូអភិវឌ្ឍន៍ ហើយធ្វើឱ្យលេចចេញជារូបរាង នោះវានឹងក្លាយជាគម្រោងប្រវត្តិសាស្ត្រ ដែលនឹងផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍នេះផងដែរ។
សម្រាប់គម្រោងជីកព្រែកតភ្ជាប់ទន្លេបាសាក់ក្នុងខេត្តកណ្តាល ទៅកាន់សមុទ្រនៅក្នុងខេត្តកំពតនេះដែរ ក្រុមអ្នករកស៊ីលើវិស័យដឹកជញ្ជូនបានសម្តែងនូវក្តីត្រេកអរប្រសិនបើគម្រោងនោះរួចរាល់ និងដាក់ឱ្យដំណើរការ។ ពួកគេលើកឡើងថា ការដឹកជញ្ជូនតាមផ្លូវទឹក គឺមានតម្លៃទាបជាងការដឹកជញ្ជូនតាមផ្លូវគោក ហើយថា បើគម្រោងនេះរួចរាល់វាក៏នឹងជួយឱ្យការដឹកជញ្ជូនទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិកាន់តែងាយស្រួល និងឆាប់រហ័សផងដែរ។
សូមបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ប្រសិនបើគេមានបំណងចង់ដឹកជញ្ជូនទំនិញពីកំពង់ផែក្រុងភ្នំពេញ ទៅកាន់កំពង់ផែសមុទ្រខេត្តកំពត ឬខេត្តព្រះសីហនុ គឺគេចាំបាច់ត្រូវឆ្លងកាត់ទៅកាន់ប្រទេសវៀតណាមសិន៕