ព័ត៌មានជាតិ

ពិព័រណ៍រាជសំរឹទ្ធអង្គរ ៖ សិល្បៈនៃអាទិទេព“Angkor Royal Bronzes: Art of the Divine”

កាលពីដើមសប្តាហ៍នេះ (២៨ មេសា) លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូតំណាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកម្មវិធីសម្ពោធបើកពិព័រណ៍ស្តីពី “Angkor Royal Bronzes: Art of the Divine” ដែលរៀបចំសហការដោយសារមន្ទីរសិល្បៈអាស៊ីហ្គីមេ(Guimet) សាលាបារាំងចុងបូព៌ាប្រទេស(EFEO) វិទ្យាស្ថានស្រាវជ្រាវនិងជួសជុលនៃសារមន្ទីរបារាំង (C2RMF) និងសារមន្ទីរជាតិកម្ពុជា។

កម្ពុជាមានមោទនភាពខ្ពស់បំផុតចំពោះស្នាដៃដូនតា ដែលទោះជាមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ក៏នៅតែជាឯកអគ្គរាជទូតដ៏ធំធេងបំផុតនាំកម្ពុជាទៅលើឆាកអន្តរជាតិ។

ពិព័រណ៍មិនអចិន្ត្រៃយ៍នេះ នឹងដាក់តាំងនៅសារមន្ទីរហ្គីមេប្រទេសបារាំងរយៈពេល៤ខែដោយគិតចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ហើយពិព័រណ៍នេះទាំងស្រុងនឹងបន្តទៅដាក់តាំងផ្សព្វផ្សាយនៅសារមន្ទីរ Minneapolis Institute of Art, Minnesota នាចុងឆ្នាំ២០២៥។ ដោយឡែកនៅពេលបញ្ចប់ពិព័រណ៍នៅរដ្ឋមីនីសូតានាដើមឆ្នាំ២០២៦ រូបចម្លាក់ព្រះនារាយណ៍ផ្ទុំធំចំនួន១ នឹងបន្តទៅដាក់តាំងនៅសារមន្ទីរ Smithsonian National Museum of Asian Art, Washington, D.C. និងសារមន្ទីរAsian Art Museum, San Francisco រហូតដល់ដើមឆ្នាំ២០២៧៕