ព័ត៌មានជាតិ

ក្រសួងធនធានទឹក ៖ រដូវវស្សាឆ្នាំនេះ នឹង​ចូលមកលឿនជាងឆ្នាំមុន ហើយបាតុភូតផ្គរ រន្ទៈ និងខ្យល់កន្រ្តាក់ អាច​កើតមានច្រើន

នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្រសួងធនធានទឹក និង​ឧតុនិយម បានចេញសេចក្តីជូនដំណឹងពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវវស្សាឆ្នាំ២០២៥ ដោយបង្ហាញថា រដូវវស្សាឆ្នាំនេះនឹងចូលមកលឿនជាងឆ្នាំមុន ហើយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ក៏អាចកើនឡើងច្រើនដែរ។

ក្រសួងបានអះអាងថា យោងលើការព្យាករស្តីពីស្ថានភាពវិវត្តន៍ នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក ខាងលិច មហាសមុទ្រឥណ្ឌា និងតំបន់អេក្វាទ័រ ចាប់ពីខែឧសភា បាតុភូតឡានីញ៉ា (La Niña) នឹងថយចុះមកត្រឹម ១០% ហើយបាតុភូតអែនសូ(ENSO-Neutral) ឡើងដល់ ៨០%។ ស្ថានភាពនេះ នឹងធ្វើឱ្យ​ រដូវវស្សាអាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ នៃខែឧសភា ឆ្នាំ២០២៥ ដែលលឿនជាងឆ្នាំ ២០២៤។ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងអតិបរមា ៣៦°C ទាបជាងសីតុណ្ហភាពមធ្យមភាគច្រើនឆ្នាំ និងទាបជាងឆ្នាំ២០២៤។

បើតាមការបញ្ជាក់របស់ក្រសួង ដើមរដូវវស្សា សីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណ ទឹកភ្លៀងនៅខែឧសភា ដល់ខែមិថុនា មានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀងមានពីមធ្យម ទៅច្រើន ហើយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតឡើងច្រើន។

នៅពាក់កណ្តាលរដូវវស្សា សីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀងនៅខែកក្កដា ដល់ខែសីហា មានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។

ដោយឡែកនៅចុងរដូវវស្សា សីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណ ទឹកភ្លៀងនៅខែកញ្ញា ដល់ខែតុលា មានកម្រិតខ្ពស់ជាង ឬប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ។

ជាសរុបរដូវស្សាឆ្នាំ២០២៥ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងអតិបរមា ៣៦°C ទាបជាងសីតុណ្ហភាព មធ្យមភាគច្រើនឆ្នាំ និងទាបជាងឆ្នាំ២០២៤។ បរិមាណទឹកភ្លៀងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ជាមួយនឹងរបាយ ទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អជាងឆ្នាំ២០២៤ ហើយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតឡើងច្រើន៕