នាយករដ្ឋមន្ត្រីថៃបង្ហើបថា កម្ពុជា ថៃ វៀតណាម ឡាវនឹងចងសម្ព័ន្ធភាពទេសចរណ៍ «ប្រទេសបួនគោលដៅតែមួយ»
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃពុធទី ១៧ ខែមករា បានដាក់ចេញនូវចក្ខុវិស័យមួយធ្វើឱ្យប្រជាជាតិអាស៊ីអាគ្នេយ៍ក្លាយ ជាគោលដៅតែមួយសម្រាប់ភ្ញៀវទេសចរ ដោយស្វែងរកការទាក់ទាញចំណាប់អារម្មណ៍ជាអន្តរជាតិនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។
នៅពេលគេសួរថា តើពិភពលោកអាចរំពឹងធ្វីបានខ្លះពីតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលពី៥ ទៅ ១០ឆ្នាំខាងមុខ? លោក សេដ្ឋា ឆ្លើយយ៉ាងខ្លីថា៖«អាស៊ានរួបរួម (Seamless ASEAN)»។ គំនិតនេះគឺដើម្បីឱ្យប្រទេសសមាជិកទាំង១០ រក្សាគុណសម្បត្តិរបស់ខ្លួន ខណៈដែលអាស៊ានបង្កើតក្របខ័ណ្ឌមួយដែលវិនិយោគិន និងភ្ញៀវទេសចរបរទេសអាចចូលទៅក្នុងបណ្តាប្រទេសអាស៊ាននីមួយៗ និងអាចធ្វើប្រតិបត្តិការ និងចរាចរណ៍ដោយសេរីក្នុងចំណោមរដ្ឋសមាជិកដទៃទៀត។ ជាការពិតណាស់ លោក សេដ្ឋា ហាក់ដូចសម្លឹងមើលកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយស្តីពីការចុះសម្រុងគ្នាលើការបន្ធូរបន្ថយពន្ធ និងអនុញ្ញាតឱ្យមានសកម្មភាពឆ្លងកាត់ព្រំដែនដោយពុំចាំបាច់ទិដ្ឋាការ និងកម្រិតតំបន់កម្សាន្តផ្សេងៗទៀត។ ទោះបីជានាយករដ្ឋមន្ត្រីមិនបានផ្តល់ព័ត៌មានលម្អិតច្រើនក៏ដោយ ប៉ុន្តែគំនិតនេះគឺស្រដៀងនឹងកិច្ចព្រមព្រៀង សិនហ្គេន(Schengen) របស់អឺរ៉ុប ដែលការគ្រប់គ្រងព្រំដែនផ្ទៃក្នុងត្រូវបានដកចេញ ហើយសេរីភាពនៃការធ្វើដំណើរសម្រាប់ប្រជាជនទាំងអស់ត្រូវបានផ្តល់នៅក្នុងបណ្តាប្រទេសហត្ថលេខី។
ជាក់ស្តែង លោកសេដ្ឋាបានលើកឡើងពីការរៀបចំវិស័យទេសចរណ៍ថា ៖«ប្រទេសបួន គោលដៅតែមួយ(four countries, one destination)គឺកម្ពុជា ថៃ វៀតណាម និងឡាវ»។ លោក សេដ្ឋា បានប្រាប់កាសែត Nikkei Asia ថា៖«ប្រទេសទាំងបួនជិតឈានដល់កិច្ចព្រមព្រៀងមួយហើយ។ អ្នកមិនចាំបាច់រង់ចាំប្រាំឆ្នាំទេ ព្រោះនៅសល់តែ ពីរ ឬបីដំណាក់ទៀតប៉ុណ្ណោះ ដែលត្រូវសម្រេច»។ លោកបានបន្តថា កិច្ចព្រមព្រៀងនេះអាចនឹងត្រូវធ្វើឡើងក្នុងរយៈពេល៦ខែទៀត ដោយមិនបានបញ្ជាក់លម្អិតអំពីអ្វីដែលជាឧបសគ្គនៅឡើយ។
គួរជម្រាបថា ការនាំប្រទេសក្បែរខាងគ្នាទាំងបួនចូលទៅក្នុងសម្ព័ន្ធភាពទេសចរណ៍ត្រូវបានគាំទ្រដោយរដ្ឋធានីហាណូយ ដោយនាយករដ្ឋមន្ត្រីវៀតណាមលោក ផាំ មិញជិញ (Pham Minh Chinh) មិនបានជំទាស់នឹងសំណើនេះទេ ខណៈលោកជួបជាមួយលោក សេដ្ឋា កាលពីថ្ងៃពុធរួចហើយ។ លោក សេដ្ឋា បានបរិយាយថា៖«ផែនការដើមដែលត្រូវបានលាតត្រដាងនៅរាជធានីតូក្យូកាលពីខែមុនក្នុងអំឡុងពេលសន្និសីទរំលឹកខួបលើកទី៥០ នៃទំនាក់ទំនងរវាងអាស៊ាន-ជប៉ុន គឺជាសមិទ្ធផលនៃភាពស្និទ្ធស្នាលដ៏កម្រក្នុងចំណោមមេដឹកនាំក្នុងតំបន់»។ នាយករដ្ឋមន្រ្តីថៃក៏បានកត់សម្គាល់ថា មេដឹកនាំក្នុងតំបន់ជួបប្រជុំគ្នាញឹកញាប់ ទាំងផ្លូវការ និងក្រៅផ្លូវការ ជាពិសេសឆ្លើយឆ្លងជាមួយមេដឹកនាំវ័យក្មេងរបស់កម្ពុជាគឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈកម្មវិធី WhatsApp។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ លោក សេដ្ឋា បាននិយាយលេងបន្លំមែនថា មេដឹកនាំអាម៉េរិក និងមេដឹកនាំចិនអាចយកគំរូរតាមបានដើម្បីបន្ធូរបន្ថយភាពតានតឹង ហើយវានឹងមានប្រយោជន៍ខ្លាំងណាស់សម្រាប់ពិភពលោក៕