ក្រសួងបរិស្ថាន ៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ
ខណៈគុណភាពខ្យល់នៅប្រទេសជិតខាងកម្ពុជាកំពុងប្រឈមនឹងបញ្ហា តែស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ ដោយកម្រិតភាគល្អិតនិចល PM 2.5 ស្ថិតចន្លោះពី ១៨,០៣ µg/m3 ទៅ ២១,៤៣ µg/m3 ដែលទាបជាងកម្រិតស្តង់ដារកំណត់ គឺ ៥០ µg/m3 ។ នេះបើយយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។
តែយ៉ាងណាដើម្បីធានាបាននូវការទប់ស្កាត់ការបំពុលខ្យល់ជាយថាហេតុនៅក្នុងរដូវប្រាំងនេះ ក្រសួងបរិស្ថាន បានជូនដំណឹង និងណែនាំដល់អាជ្ញាធរមូលដ្នាន និងប្រជាពលរដ្ឋ ចាំបាច់ត្រូវចូលរួមទប់ស្កាត់ការបំពុលខ្យល់តាមរយៈវិធានការ ៤ចំនុច ដូចខាងក្រោម៖
ទី១. អាជ្ញាធរត្រូវធ្វើការណែនាំ ប្រជាពលរដ្ឋមិនឱ្យដុតរានព្រៃ វាលស្មៅ សំណល់កសិកម្ម គល់ជញ្ជ្រាំង សំរាម-សំណល់រឹង និងការដុតសំណល់ផ្សេងៗទៀតនៅទីចំហឡើយ។
ទី២. អាជ្ញាធរ ត្រូវចាត់វិធានការទប់ស្កាត់សកម្មភាពដុតរានព្រៃ ដុតវាលស្មៅ ដុតសំណល់កសិកម្ម ដុតសំរាមសំណល់រឹងនៅទីចំហ និងការឆេះនៅទីលានចាក់សំរាម។
ទី៣. អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវចាត់វិធានការទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់។
ទី៤. អាជ្ញាធរ ត្រូវធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈឱ្យបានជាប់ជាប្រចាំ។
សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់ការបំពុលខ្យល់ និងបង្ការហានិភ័យធនធានធម្មជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ក៏បានចេញសេចក្តីជូនដំណឹងម្តងរួចទៅហើយស្តីពី វិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ដល់គ្រប់ស្ថាប័នមានសមត្ថកិច្ច និងប្រជាពលរដ្ឋទាំងអស់ឱ្យបានយល់ច្បាស់អំពី ករណីកិច្ចក្នុងការការពារ ទប់ស្កាត់ តាមរយៈការចូលរួមសហការយ៉ាងជិតស្និទ្ធ ជាមួយអង្គភាពជំនាញក្រោមឱវាទរបស់ក្រសួងទាំងពីរ៕