ឯកឧត្តម អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណ:កម្មការខេត្ត រៀបចំពិធីបុណ្យសមុទ្រ លើកទី៨ ជុំទី២ ឆ្នាំ២០១៩
ខេត្តកំពត៖នៅរសៀល ថ្ងៃចន្ទ ២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណ:កម្មការខេត្ត រៀបចំពិធីបុណ្យសមុទ្រ លើកទី៨ ជុំទី២ ឆ្នាំ២០១៩ នៅខេត្តកំពត។
នៅក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត តំណាងមូលដ្ឋានសមុទ្រ ទីបញ្ជាការជួរមុខ និងនាយកដ្ឋាននគរបាលព្រំដែនទឹក លោកនាយក នាយករងរដ្ឋបាលខេត្ត កងកម្លាំងទាំងបី លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក និងលោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្តសរុបចំនួន៦៩នាក់។
ក្នុងកិច្ចប្រជុំនោះដែរឯកឧត្តមអភិបាលខេត្ត បានសំណូមពរ ឯកឧត្តម លោកជំទាវ ជាប្រធានអនុគណកម្មការទាំងអស់ ចាប់ផ្តើមប្រជុំ លើតួនាទី និងភារកិច្ចរបស់ខ្លួន ដោយរៀបចំផែនការសកម្មភាព និងផែនការថវិកាឲ្យបានច្បាស់លាស់។
– ស្នើមន្ទីរ-អង្គភាពជុំវិញខេត្ត សំអាត និងលាបថ្នាំរបងនៅតាមស្ថាប័នរបស់ខ្លួនឲ្យបានស្អាត ដើម្បីជាគំរូដល់ប្រជាពលរដ្ឋ។
– ស្នើលោកអភិបាលក្រុងកំពត ដឹកនាំការងាររៀបចំផ្លូវស្អាតជាគំរូក្នុងក្រុង ដោយធ្វើឲ្យសកម្ម ធ្វើឲ្យច្បាស់លាស់ និងធ្វើឲ្យជោគជ័យ។
– ស្នើឯកឧត្តមអភិបាលរងខេត្ត ធ្វើការជាមួយម្ចាស់ផ្ទាំងផ្សាយពាណិជ្ជកម្មទាំងអស់ ផ្លាស់ប្តូរមកដាក់រូបបុណ្យសមុទ្រ ចាប់ពីពេលនេះតទៅ។
-ស្នើលោកនាយករដ្ឋបាលសាលាខេត្ត ព្រាងសេចក្តីជូនដំណឹងហាមឃាត់រថយន្តធន់ធំ ធ្វើចរាចរណ៍ចូលក្នុងក្រុងកំពត ក្នុងអំឡូងពេលពិធីបុណ្យសមុទ្រ ដើម្បីងាយស្រួលធ្វើចរាចរណ៍ ជូនភ្ញៀវទេសចរណ៍៕