ព័ត៌មានជាតិ

វ៉ាក់សាំងកូវីដ-១៩ ចំនួន១លានដូសទៀត នឹងដឹកមកដល់កម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា

តាមប្រសាសន៍របស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ វ៉ាក់សាំងកូវីដ១៩ ស៉ីណូវ៉ាក់ របស់ចិនចំនួន១លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជាហើយ។

គិតត្រឹមពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុប​ជាង៨លានដូសហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះ​រួម​មានជំនួយរបស់រដ្ឋាភិបាលចិន (សុីណូហ្វាម) ចំនួន ២,២លានដូស, ជំនួយពីមជ្ឈមណ្ឌល COVAX (CoviShield) ចំនួនជាង ៣២ម៉ឺនដូស និង​ការបញ្ជាទិញរបស់រាជរដ្ឋាភិបាលសរុបចំនួន ៥,៥លានដូស។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ដែល​ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស, ក្នុងនោះ​កម្ពុជាក៏​ប្តេជ្ញានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *