ឯកឧត្តម អភិបាលខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាល និងជូនដំណើរបងប្អូនប្រជាពលរដ្ឋដែលត្រឡប់ទៅរាជធានីភ្នំពេញវិញ តាមរយៈរថយន្តក្រុងរបស់រដ្ឋដោយឥតគិតថ្លៃ
ខេត្តបាត់ដំបង៖នាព្រឹកព្រលឹមថ្ងៃចន្ទ ២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីក្រោមឱវាតចុះជួបសំណេះសំណាល និងជូនដំណើរបងប្អូនប្រជាពលរដ្ឋ ដែលមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងត្រូវត្រឡប់ទៅរាជធានីភ្នំពេញវិញ តាមរយៈរថយន្តក្រុងសាធារណៈរបស់រដ្ឋដោយឥតគិតថ្លៃ ដែលផ្តល់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅចំណតរថយន្តក្រុងផ្សារទំនើប ភួ ពុយ ក្រុងបាត់ដំបង។
ក្នុងការជួបសំណេះសំណាល និងជូនដំណើរបងប្អូនប្រជាពលរដ្ឋនាឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ព្រមទាំងក្រុមការងារ បានផ្តល់ជូនជាអាហារសម្រន់ដល់បងប្អូនប្រជាពលរដ្ឋ ជាអ្នកដំណើរចំនួន៧៨៥នាក់ មាននំបុ័ង និងទឹកសុទ្ធ ព្រមទាំងផ្តល់ថវិកាឧបត្ថម្ភជូនដល់អ្នកបើកបររថយន្តក្រុង និងក្រុមជាងចំនួន៣៧នាក់ ដោយក្នុងម្នាក់ៗថវិកាចំនួន៤០,០០០រៀលផងដែរ។
សូមជម្រាបផងដែរថា ក្នុងការជិះរថយន្តក្រុងសាធារណៈរបស់រដ្ឋ ដែលផ្តល់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានចំនួនច្រើន ហើយរថយន្តក្រុងសារធារណៈរបស់រដ្ឋមានចំនួន១៥គ្រឿង ជិះមិនបានគ្រប់គ្នា ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានជួលរថយន្តក្រុងចំនួន២គ្រឿងបន្ថែម ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងការត្រឡប់ទៅរាជធានីភ្នំពេញវិញ។
សូមបញ្ជាក់ដែរថា ក្នុងឱកាសពិធីបុណ្យបិណ្ឌកន្លងមកនេះ រាជរដ្ឋាភិបាកកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់រថយន្តក្រុងដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃចំនួន១២០គ្រឿង ទៅតាមបណ្ដាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះខេត្តបាត់ដំបងមានចំនួន១៥គ្រឿងផងដែរ៕