សង្គម

កម្លាំងជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបង្រ្កាបបានមុខសញ្ញាក្លែងបន្លំតេឡេក្រាមថ្នាក់ដឹកនាំ

កម្លាំងជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រ៉ែម គង់នៅដារ៉ា ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ នាថ្ងៃទី៧កញ្ញា ក្រោយក្លែងបន្លំតេឡេក្រាម (Telegram) ដោយដាក់រូបថត និងឈ្មោះថ្នាក់ដឹកនាំដើម្បីឆបោកប្រជាពលរដ្ឋឱ្យផ្ញើប្រាក់ក្រោមរូបភាពគៀរគរថវិកាយកទៅជួយគ្រួសារទ័ព។

ជាង១សប្ដាហ៍មុន ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានប្រកាសឱ្យសមត្ថកិច្ចស្រាវជ្រាវរកជនសង្ស័យដែលបានបង្កើតតេឡេក្រាមក្លែងបន្លំដោយដាក់ឈ្មោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងដាក់ឈ្មោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ដោយបានធ្វើសកម្មភាពទាក់ទងទៅអ្នកមានទំនាក់ទំនងស្គាល់ឯកឧត្តមទាំងពីរ។

ជនសង្ស័យបានសរសេរសារផ្ញើទៅបន្លំគេថា៖ «ឧកញ៉ាក្មួយ ពូរួមជាមួយនាយទាហានពលទាហានបានរៀបចំធ្វើកម្មវិធីជួបជុំគ្រួសារកងទ័ព ជាង២០០០គ្រួសារ នៅស្រុកជុំគីរីខេត្តកំពត ពូសូមតំណាងឱ្យគ្រួសារកងទ័ពសូមស្នើដល់ឧកញ៉ាក្មួយ ជួយឧបត្ថម្ភថវិកាខ្លះតាមទឹកចិត្តរបស់ឧកញ៉ាក្មួយ ដើម្បីចែករំលែកដល់គ្រួសារកងទ័ព តាមទឹកចិត្តឧកញ៉ាក្មួយ»។

ក្រោយទទួលបានដំណឹងពីការក្លែងបន្លំ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីបដិសេធ លើគណនីតេឡេក្រាម (Telegram) មួយដាក់ឈ្មោះ Mao Sophan និងរូបថតឯកឧត្តម ដែលបានផ្ញើសារទៅអ្នកដទៃគៀរគរប្រាក់ និងបានស្នើសុំឱ្យសមត្ថកិច្ចស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់។ ដោយឡែក បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់បន្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *