អន្តរជាតិ

តើឥណ្ឌាពិតជាប្តូរឈ្មោះទៅជាប្រទេសបារ៉ាត់(Bharat)មែន ឬយ៉ាងណា?

លិខិតអញ្ជើញដែលត្រូវបានផ្ញើចេញដោយប្រធានាធិបតីឥណ្ឌា លោកស្រី ដ្រូផាឌី មឺមូ (Droupadi Murmu) ដែលហៅខ្លួនឯងថា «ប្រធានាធិបតីនៃប្រទេសបារ៉ាត់ (Bharat)» សម្រាប់ពិធីជួបជុំពិហារអាហារពេលល្ងាច នៅខាងក្រៅកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) ធ្វើឱ្យមានការរំពឹងទុកថា រដ្ឋាភិបាលឥណ្ឌា ប្រហែលជានឹងផ្លាស់ប្ដូរឈ្មោះប្រទេសនេះ ជាផ្លូវការហើយ។

មូលហេតុនៃភាពចម្រូងចម្រាស់ពីក្រោយឈ្មោះរបស់ប្រទេសឥណ្ឌា៖ តាមអនុសញ្ញា លិខិតអញ្ជើញដែលចេញដោយស្ថាប័នធម្មនុញ្ញរបស់ប្រទេសឥណ្ឌា តែងតែសរសេរឈ្មោះប្រទេសនេះថា «ប្រទេសឥណ្ឌា» នៅពេលដែលលិខិតនោះត្រូវបានសរសេរជាភាសាអង់គ្លេស ហើយប្រើឈ្មោះ (បារ៉ាត់Bharat) នៅពេលដែលលិខិតនោះ ត្រូវបានសរសេរជាភាសាហិណ្ឌូ។ យ៉ាងណាក្ដី លិខិតអញ្ជើញលើកនេះ ត្រូវបានសរសេរជាភាសាអង់គ្លេស តែបានហៅ លោកស្រី មឺមូ ថា «ប្រធានាធិបតីរបស់ប្រទេស Bharat»។ ដោយសារមនោគមវិជ្ជាជាតិនិយមហិណ្ឌូ នៃរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក ណារិនដ្រា ម៉ូឌី (Narendra Modi) និងការជំរុញឱ្យមានការបង្កើនការប្រើប្រាស់ភាសាហិណ្ឌូ អ្នករិះគន់បានឆ្លើយតបទៅនឹងការប្រើប្រាស់ឈ្មោះ «Bharat» នៅក្នុងលិខិតអញ្ជើញដោយបង្ហាញថា រដ្ឋាភិបាលកំពុងជំរុញឱ្យប្តូរឈ្មោះប្រទេសជាផ្លូវការ។ ជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលគណបក្សជាតិនិយមរបស់លោក ម៉ូឌី បាននិងកំពុងផ្លាស់ប្ដូរឈ្មោះអតីតទីក្រុងក្រោមអាណានិគម ដើម្បីជួយប្រទេសឥណ្ឌាឱ្យឆ្លងកាត់អ្វីដែលខ្លួនហៅថាគំនិតនៃទាសភាព។

តើឥណ្ឌាមានឈ្មោះជាផ្លូវការយ៉ាងដូចម្តេច? នៅក្នុងភាសាអង់គ្លេស ប្រទេសយក្សអាស៊ីខាងត្បូងមួយនេះ ត្រូវបានគេហៅថា ឥណ្ឌា ចំណែកភាសាឥណ្ឌាប្រទេសនេះ ត្រូវបានគេហៅថា បារ៉ាត់ Bharat, បារ៉ាតាBharata និងហិណ្ឌូស្ថានHindustan។ ដោយឡែក ក្នុងភាសាហិណ្ឌូ រដ្ឋធម្មនុញ្ញជំនួសឈ្មោះឥណ្ឌាដោយ «Bharat» គ្រប់ទីកន្លែង លើកលែងតែផ្នែកកំណត់ឈ្មោះរបស់ប្រទេស។ ការផ្លាស់ប្ដូរឈ្មោះរបស់ប្រទេសឥណ្ឌាទៅជា «Bharat» នឹងតម្រូវឱ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលនឹងត្រូវអនុម័តដោយសំឡេងភាគច្រើនពីរភាគបីនៅក្នុងសភាទាំងពីរ។

តើរដ្ឋាភិបាលនឹងផ្លាស់ប្ដូរឈ្មោះជាផ្លូវការដែរ ឬយ៉ាងណា..? មានមតិមួយចំនួនបានលើកឡើងថា ពេលវេលានៃភាពចម្រូងចម្រាស់នេះ អាចជាសញ្ញានៃការផ្លាស់ប្ដូរឈ្មោះជាផ្លូវការ។ ឧបទ្ទវហេតុនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាល បានប្រកាសបើកសម័យប្រជុំសភាពិសេសរយៈពេលប្រាំថ្ងៃនៅចុងខែនេះ ដោយមិនបង្ហាញរបៀបវារៈណាមួយឡើយ។ ចំណាត់ការនេះ បានជំរុញឱ្យមានរបាយការណ៍ដែលថា ការផ្លាស់ប្ដូរឈ្មោះអាចត្រូវបានពិភាក្សា និងអនុម័តក្នុងអំឡុងពេលសម័យប្រជុំ។ យ៉ាងណាក្ដី រដ្ឋាភិបាលមិនទាន់ចេញការបញ្ជាក់ណាមួយថា កិច្ចពិភាក្សាលើប្រធានបទនេះ កំពុងដំណើរការនោះ ឬយ៉ាងណាឡើយ ប៉ុន្តែសមាជិកនៃរដ្ឋាភិបាល និងគណបក្សដែលកំពុងកាន់អំណាចបានស្នើថា ឈ្មោះ Bharat គួរតែទទួលបានសិទ្ធិជាអាទិភាពលើប្រទេសឥណ្ឌា។

ប្រវត្តិ​នៃ​ឈ្មោះ​ទាំង​ពីរ​របស់ឥណ្ឌា៖ ឈ្មោះទាំងពីរនេះមានអាយុកាលជាងពីរសហស្សវត្សរ៍មកហើយ។ អ្នកគាំទ្រមួយចំនួននៃឈ្មោះ «Bharat» បានលើកឡើងថា ពាក្យ «ឥណ្ឌា» ត្រូវបានដាក់ឱ្យដោយអាណានិគមអង់គ្លេស ប៉ុន្តែអ្នកប្រវត្តិសាស្ត្រអះអាងថា ឈ្មោះនេះកើតមានតាំងពីមុ​នសម័យអាណានិគមជាច្រើនសតវត្សទៅទៀត។ ពាក្យឥណ្ឌា បានមកពី «ទន្លេឥណ្ឌូស (Indus)» ឬ​ស៊ីនឌូ (Sindhu) ជាភាសាសំស្ក្រឹត។ ចំណែក ឈ្មោះ «Bharat» កាន់តែមានអាយុកាលចំណាស់ទៅទៀត ដោយកើតឡើងនៅក្នុងគម្ពីរបុរាណរបស់ឥណ្ឌា ប៉ុន្តែ​បើ​តាម​អ្នក​ជំនាញ​ខ្លះ វា​ត្រូវ​បាន​គេ​ប្រើ​ជា​ពាក្យ​នៃ​អត្តសញ្ញាណ​សង្គម-វប្បធម៌ ជាជាង​ភូមិសាស្ត្រ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *