ក្រុងប៉េកាំងពង្រីកការហាមឃាត់លើការប្រើប្រាស់ទូរសព្ទដៃ iPhone
រដ្ឋាភិបាលទីក្រុងប៉េកាំង បានធ្វើការហាមឃាត់លើការប្រើប្រាស់ទូរស័ព្ទ iPhone ។ ការហាមឃាត់នេះ បានធ្វើឱ្យមានការព្រួយបារម្ភ ចំពោះក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិកដែលពឹងផ្អែកលើប្រទេសចិន អាចរងផលប៉ះពាល់ពីកំណើននៃភាពតានតឹងរវាងមហាអំណាចទាំងពីរ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះជាង៣ភាគរយ ហើយអាចនឹងបន្តធា្លក់ចុះបន្ថែមទៀត បន្ទាប់ពីមានព័ត៌មានថា ទីក្រុងប៉េកាំងបានបញ្ជាបុគ្គលិកនៅទីភ្នាក់ងាររដ្ឋាភិបាលកណ្តាលមួយចំនួនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ឱ្យឈប់ប្រើប្រាស់ទូរសព្ទ Apple របស់ពួកគេនៅកន្លែងធ្វើការ។ ចំណាត់ការនេះ បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Apple Qualcomm ដែលជាក្រុមហ៊ុនអាម៉េរិកមួយក្នុងចំណោមក្រុមហ៊ុនអាម៉េរិកដែលមានវត្តមាននៅប្រទេសចិន ធ្លាក់ចុះជិត៧ភាគរយ និងនាំឱ្យមានការខាតបង់ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀត។ លើសពីនេះ ក្រុមហ៊ុនផ្គត់ផ្គង់ផ្សេងទៀតនៃក្រុមហ៊ុនផលិត iPhone រួមមាន Broadcom, Skyworks Solutions និង Texas Instruments ក៏ជួបប្រទះនឹងបញ្ហាផងដែរ ដោយធ្លាក់ចុះពី ១,៨ភាគរយទៅ ៧,៣ភាគរយ។
ជុំវិញបញ្ហានេះ អ្នកវិភាគ Wall Street ជាច្រើនបានឱ្យដឹងថា ការហាមឃាត់នេះសរបញ្ជាក់ថា សូម្បីតែក្រុមហ៊ុនដែលមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលចិន និងវត្តមានដ៏ធំនៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក ក៏មិនមានភាពស៊ាំនឹងកំណើននៃភាពតានតឹងរវាងប្រទេសទាំងពីរដែរ។ ការប្រឈមមុខាដាក់គ្នារវាងចិន និងអាម៉េរិកកាន់តែមានសភាពអាក្រក់ទៅៗក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារទីក្រុងវ៉ាស៊ីនតោនព្យាយាមរឹតបណ្តឹងការទទួលបានបច្ចេកវិទ្យាសំខាន់ៗ រួមទាំងបច្ចេកវិទ្យាបន្ទះឈីបទំនើបរបស់ចិន ហើយទីក្រុងប៉េកាំងសម្លឹងមើលកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យារបស់អាម៉េរិក។ ទន្ទឹមគ្នានោះ សមាជិកសភានៃគណបក្សធំៗទាំងពីររបស់សហរដ្ឋអាម៉េរិកបានបញ្ចេញការព្រួយបារម្ភរបស់ពួកគេ អំពីហានិភ័យសន្តិសុខជាតិជុំវិញផលិតផលរបស់ប្រទេសចិន ដោយបានជំរុញឱ្យរដ្ឋបាលលោក បៃឌិន កាន់តែមានភាពឆេវឆាវជាមួយទីក្រុងប៉េកាំង។
តំណាងសហរដ្ឋអាម៉េរិកលោក Mike Gallagher ដែលជាប្រធានក្រុមប្រឹក្សាសភាទទួលបន្ទុកប្រទេសចិនបានលើកឡើងថា ការហាមឃាត់កាន់តែទូលំទូលាយនេះ មិនបង្កឱ្យមានការភ្ញាក់ផ្អើលនោះទេ ហើយវាបង្ហាញពីយុទ្ធសាស្ត្ររបស់ក្រុងប៉េកាំង ក្នុងការកំណត់ដំណើរការទីផ្សាររបស់ក្រុមហ៊ុនលោកខាងលិច ទៅក្នុងប្រទេសរបស់ខ្លួន។ លោកបានមានប្រសាសន៍ថា៖ «នេះគឺជាសៀវភៅសិក្សាអាកប្បកិរិយារបស់បក្សកុម្មុយនីស្ដចិន ដោយលើកកម្ពស់ជើងឯកជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិនក្នុងវិស័យទូរគមនាគមន៍ ហើយកាត់បន្ថយការចូលប្រើប្រាស់ទីផ្សាររបស់ក្រុមហ៊ុនលោកខាងលិច»។ បន្ថែមលើនោះ សមាជិកព្រឹទ្ធសភាអាម៉េរិក លោក Mark Warner ដែលជាអ្នកប្រជាធិបតេយ្យ និងជាប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភាបានលើកឡើងថា៖ «នៅពេលដែលសេដ្ឋកិច្ចចិនកំពុងជាប់គាំង យើងនឹងឃើញមានចលនាកាន់តែខ្លាំងក្លាប្រឆាំងនឹងអាជីវកម្មបរទេស»៕