អន្តរជាតិ

មីយ៉ាន់ម៉ាត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំយោធាក្នុងតំបន់ ដឹកនាំដោយ​ថៃ និងសហរដ្ឋអាមេរិក

យោធាសហរដ្ឋអាម៉េរិក បានបញ្ជាក់កាលពីថ្ងៃចន្ទថា យោធាមីយ៉ាន់ម៉ា ដែលត្រូវបានចោទប្រកាន់ពីបទបោសសម្អាតជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ារបស់ប្រទេសនោះ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំយោធាក្នុងតំបន់ ដែលរៀបចំឡើងដោយប្រទេសថៃ និងសហសហរដ្ឋអាម៉េរិក។

កងកម្លាំងប្រដាប់អាវុធរបស់មីយ៉ាន់ម៉ា បានចាប់ផ្តើមប្រតិបត្តិការយោធាក្នុងឆ្នាំ ២០១៧​ ដែលបានបង្ខំជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាយ៉ាងហោចណាស់ ៧៣០០០០នាក់ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ និងចូលទៅក្នុងប្រទេសបង់ក្លាដែស ជាកន្លែងដែលពួកគេត្រូវបានសម្លាប់ រងនូវការរំលោភសេពសន្ថវៈ និងការដុតបំផ្លាញទ្រព្យសម្បត្តិនានា។ នៅឆ្នាំ ២០២១ យោធាមីយ៉ាន់ម៉ាបានដណ្តើមអំណាចពីរដ្ឋាភិបាលស្របច្បាប់ តាមរយៈការធ្វើរដ្ឋប្រហារ។

កាលពីឆ្នាំមុន រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ​ បៃឌិន បានកំណត់ជាផ្លូវការថា អំពើហិង្សាដែលបានប្រព្រឹត្តលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដោយយោធាមីយ៉ាន់ម៉ា ត្រូវបានចាត់ទុកថាជាការប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ យ៉ាងណាមិញ របបយោធា​បាន​បដិសេធ​អំពើ​ប្រល័យពូជសាសន៍ ដោយ​លើកឡើង​ថា ការ​បង្រ្កាប​របស់​ខ្លួន​គឺ​សំដៅ​លើ​ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា ដែល​បាន​ធ្វើ​ការ​វាយ​ប្រហារលើរបបរបស់ខ្លួនតែប៉ុណ្ណោះ។

ជនជាតិរ៉ូហ៊ីងយ៉ាជាងមួយលាននាក់កំពុងរស់នៅក្នុងជំរំជនភៀសខ្លួនដ៏ច្របូកច្របល់នៅភាគខាងត្បូងប្រទេសបង់ក្លាដែស ដែលជាកន្លែងតាំងទីលំនៅជនភៀសខ្លួនដ៏ធំបំផុតរបស់ពិភពលោក ជាមួយនឹងក្ដីសង្ឃឹមតិចតួចក្នុងការវិលត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ។

សហរដ្ឋអាម៉េរិក និងថៃកំពុងធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) បូករួមជាមួយនឹងក្រុមការងារអ្នកជំនាញស្តីពីសន្តិសុខដែនសមុទ្រ និងសកម្មភាពពាក់ព័ន្ធរបស់ខ្លួន។​ ជុំវិញបញ្ហានេះ អ្នកនាំពាក្យមន្ទីរបញ្ចកោណបានឱ្យដឹងថា ការចូលរួមនេះត្រូវបានកំណត់ដោយរដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

លោកវរសេនីយ៍ឯក ម៉ាទី មេនឺរ (Marty Meiners) អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានគូសបញ្ជាក់ថា៖ «សហរដ្ឋអាម៉េរិកបន្តចូលរួមជាមួយសហគមន៍អន្តរជាតិ​ ក្នុងការឆ្លើយតបដោយបង្ខំចំពោះរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញឱ្យរបបនេះបញ្ចប់អំពើហិង្សា ដោះលែងអ្នកដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌ទាំងអស់ និងស្តារមាគ៌ារបស់ខ្លួនទៅកាន់លទ្ធិប្រជាធិបតេយ្យ ដើម្បីរួមបញ្ចូលតាមរយៈវេទិកា ADMM-Plus»។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​សហរដ្ឋ​អាម៉េរិក​អញ្ជើញ​មីយ៉ាន់ម៉ា​មក​ចូលរួមក្នុងកិច្ចប្រជុំក្នុងតំបន់។ លើសពីនេះ នៅក្នុងឆ្នាំ ២០១៧ មន្ទីរបញ្ចកោណបានអញ្ជើញមីយ៉ាន់ម៉ាជាអ្នកសង្កេតការណ៍នៅក្នុងសមយុទ្ធយោធាពហុជាតិដ៏ធំមួយ ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក និងប្រទេសថៃ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *