អន្តរជាតិ

ទីម័រខាងកើតថ្កោលទោសរបបសឹកភូមា ក្រោយ​បណ្ដេញអ្នកការទូតកំពូលខ្លួនចេញពីប្រទេស

របបសឹកមីយ៉ាន់ម៉ា បានបញ្ជាឱ្យអ្នកការទូតកំពូលរបស់ទីម័រខាងកើត ចាកចេញពីប្រទេសរបស់ខ្លួន។ នេះបើយោងតាមរដ្ឋាភិបាល​នៃ​ប្រទេស​ទីម័រ​ខាង​កើត ដែល​ជា​អ្នក​រិះគន់​ការ​ដឹកនាំ​របបយោធាមីយ៉ាន់ម៉ាបាន​និយាយនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស។

រដ្ឋាភិបាលទីម័រខាងកើត បានលើកឡើងកាលពីល្ងាចថ្ងៃសៅរ៍ថា ទីម័រខាងកើតបញ្ជាក់សាជាថ្មីអំពីសារសំខាន់នៃការគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងសម្រាប់ការវិលត្រឡប់ទៅរកសណ្តាប់ធ្នាប់ប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបង្ហាញពីសាមគ្គីភាពរបស់ខ្លួនជាមួយប្រជាជនមីយ៉ាន់ម៉ា ខណៈពេលដែលជំរុញឱ្យរបបយោធាគោរពសិទ្ធិមនុស្ស និងស្វែងរកដំណោះស្រាយដោយសន្តិវិធី និងស្ថាបនាចំពោះវិបត្តិដ៏រ៉ាំរៃនេះ។

អ្នកនយោបាយទីម័រខាងកើត បាននិយាយរិះគន់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ជាបន្តបន្ទាប់ ហើយលោកប្រធានាធិបតី Jose Ramos-Horta បានជួបជាមួយអ្នកតំណាងកំពូលមកពី រដ្ឋាភិបាលរួបរួមជាតិ ឬរដ្ឋាភិបាលស្រមោលរបស់មីយ៉ាន់ម៉ា ហៅកាត់ថា NUG ដែលប្រឆាំងនឹងការគ្រប់គ្រងដោយយោធា។ រដ្ឋមន្ត្រីសិទ្ធិមនុស្ស NUG លោក Aung Myo Min បាននិយាយនៅលើគេហទំព័រហ្វេសប៊ុកថា ឯកអគ្គរដ្ឋទូតរបស់ប្រទេសទីម័រខាងកើត ត្រូវតែចាកចេញពីប្រទេសមីយ៉ាន់ម៉ា ត្រឹមថ្ងៃទី១ ខែកញ្ញាខាងមុខនេះ។

យ៉ាងណាមិញ របបសឹកមីយ៉ាន់ម៉ាដែលបានកាន់អំណាចក្រោយរដ្ឋប្រហារឆ្នាំ២០២១ មិនបានធ្វើការប្រកាសជាផ្លូវការអំពីបញ្ហានេះទេ ហើយអ្នកនាំពាក្យមិនបានឆ្លើយតបភ្លាមៗសម្រាប់ការធ្វើអត្ថាធិប្បាយនោះដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *