ម្សិលមិញវៀតណាមរកឃើញអ្នកឆ្លងកូវីដ ១៥៥០ករណី និងស្លាប់២នាក់ ខណៈកម្ពុជាមិនមានករណីឆ្លងថ្មី
ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា កាលពីថ្ងៃទី១៦ ខែឧសភា គេបានរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១៥៥០ករណីបន្ថែមទៀត និងស្លាប់មនុស្សដោយសារជំងឺនេះ ២នាក់។
រដ្ឋធានីហាណូយ ត្រូវបានកត់សម្គាល់ថា គឺជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ដែលមានរហូតទៅដល់ចំនួន ៤៣៧ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Bắc Ninh មានចំនួន ៩៨ករណី និងខេត្ត Yên Bái ចំនួន៧៦ករណី។
គិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៦៩៨,១៨០នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៣៥៩,៧៦៣នាក់ និងស្លាប់សរុបចំនួន ៤៣,០៦៧នាក់។
ដោយឡែកសម្រាប់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៦ ឧសភា ម្សិលមិញ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មិនមានករណីឆ្លងថ្មីនោះទេ ខណៈករណីស្លាប់ក៏គ្មានដែរ ។ គិតត្រឹមថ្ងៃទី១៦ ខែឧសភា កម្ពុជាមានករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៦២៦២ករណី និងជាសះស្បើយចំនួន ១៣៣១៩៧ករណី និងករណីស្លាប់មានចំនួន ៣០៥៦នាក់ ។
ការដែលប្រទេសកម្ពុជាមិនមានករណីឆ្លងថ្មី និងលែងមានករណីស្លាប់ ត្រូវគេជឿជាក់ថា អាចបណ្តាលមកពីប្រជាពលរដ្ឋប្រមាណជាជាង៩០ភាគរយទទួលបាននូវការចាក់វ៉ាក់សាំងពេញលេញ។ ប៉ុន្តែយ៉ាងណាក៏ដោយ អាជ្ញាធរសុខាភិបាលនៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្ន ដោយបន្តអនុវត្តនូវវិធានការសុខាភិបាល៕