ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចជិត ១០ ម៉ឺននាក់ ត្រៀមការពារសន្តិសុខ ឃោសនាបោះឆ្នោត ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំ ពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សម្រាប់ការពារយុទ្ធនាការឃោសនាបោះឆ្នោត ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី២១ ខែកក្កដា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ កម្លាំងសន្តិសុខប្រមាណជិត ១០ម៉ឺននាក់នឹងត្រូវដាក់ពង្រាយ។

បើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន កម្លាំងទាំងអស់នេះ បានបែងចែកតាម ដំណាក់កាល គឺដំណាក់កាល នៅពេលឃោសនាប្រើប្រាស់កម្លាំងជាង ២ម៉ឺននាក់ គឺការពារតាមគោលដៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត និងត្រៀមកម្លាំង សម្រាប់ជួយសម្រួលដល់ការរៀបចំក្បួនហែរឃោសនា និងតម្រាយផ្លូវនានា ដែលមានសំណូមពរ ពីគណបក្សនយោបាយនិមួយៗ។ ដោយឡែក សម្រាប់ថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត គឺប្រើប្រាស់កម្លាំងជាង ៧ម៉ឺន ៥ពាន់នាក់ ដោយក្នុងនោះ កម្លាំងការពារ ការិយាល័យផ្ទាល់ គឺកម្លាំងនគរបាល និងមានកម្លាំងជំនួយពីប្រជាការពារ។ ហើយកម្លាំងកងរាជអាវុធហត្ថ បិងកម្លាំងកងយោធពលខេមរភូមិន្ទ គឺជាកម្លាំងគាំទ្រការពារ ភូមិសាស្ត្រនៅខាងក្រៅ។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា “ក្រៅពីនោះ យើងក៏មានកម្លាំង អន្តរាគមន៍នៅតាមមូលដ្ឋាន ប្រមាណជាង ៦ពាន់នាក់ សុទ្ធតែបានត្រៀមនៅតាមស្នងការ ដ្ឋាន រាជធានី ខេត្ត តាមអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាល។ ក្រៅពីនោះយើងក៏មាន ត្រៀមកម្លាំងថ្នាក់ជាតិ ប្រមាណជាង ១.២០០ នាក់ទៀត ដើម្បីត្រៀមចេញប្រតិបត្តិការ ក្នុងករណីមានហេតុការណ៍ចៃដន្យ យថាហេតុ កើតឡើងក្នុងដំណាក់កាលការឃោសនា បោះឆ្នោត និងសម្រាប់ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត”។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បញ្ជាក់ថា ចំពោះកិច្ចការពារគណបក្សនយោបាយ គឺកងកម្លាំងការពារ ជូនគ្រប់គណបក្សទាំងអស់ដោយគ្មានការរើសអើង គឺស្មើៗភាពគ្នា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *