លោកស្រីមូរ សុខហួរមិនអនុញ្ញាតឲ្យធ្វើដំណើរ ចូលក្នុងប្រទេសថៃ
ខណៈដែលលោកស្រីមូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិមួយរូបបានធើ្វដំណើរមកដល់ព្រលានយន្តហោះសុវណ្ណភូមិរបស់ថៃត្រូវអាជ្ញាធរថៃបានអនុវត្តតាមការស្នើសុំរបស់កម្ពុជាដោយហាមមិនឲ្យលោកស្រី មូរ សុខហួរចូលក្នុងប្រទេសថៃ។ការរារាំងនេះទំនងជាការឆ្លើយតបទៅនឹងសំណើរបស់រដ្ឋាភិបាលកម្ពុជាដើម្បីទប់ស្កាត់និងចាប់ខ្លួនក្រុមមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការខ្មែរចោទប្រកាន់ពីបទឧក្រិដ្ឋនិងដែលឆ្លងកាត់ឬប្រើប្រាស់ទឹកដីថៃដើម្បីធ្វើការប្រមូលផ្ដុំទទួលលោកសម រង្ស៊ី។កាលពីរសៀលថ្ងៃទី២០ ខែតុលា លោកស្រី មូរ សុខហួរ បានធ្វើដំណើរតាមជើងយន្តហោះពីប្រទេសម៉ាឡេស៊ីសំដៅមកប្រទេសថៃ ដើម្បីជួបអ្នកគាំទ្រនិងសកម្មជនរបស់គណបក្សប្រឆាំងក្នុងការរៀបចំដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ដែលគ្រោងនឹងនិវត្តចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ខែ វិច្ឆិកាខាងមុខនេះ។ប៉ុន្តែនៅពេលមកដល់ព្រលានយន្តហោះសុវណ្ណភូមិរបស់ថៃ លោកស្រីមិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរបន្តទេ។ លោកស្រីមានប្រសាសន៍ថា នគរបាលថៃបានប្រាប់លោកស្រីថា ប្រធានរបស់គេមិនអនុញ្ញាតឲ្យលោកស្រីធ្វើដំណើរចូលក្នុងប្រទេសថៃនោះទេ។លោកស្រី មូរ សុខហួរ គឺជាមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិទីមួយ ដែលត្រូវបានអាជ្ញាធរថៃហាមឃាត់មិនឲ្យចូលទឹកដីរបស់ថៃកាលពីថ្ងៃអាទិត្យ។ បន្ទាប់ពីការបដិសេធនេះ លោកស្រីគ្រោងនឹងធ្វើដំណើរវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ជាជាងការបន្តនៅក្នុងប្រទេសម៉ាឡេស៊ី ឬប្រទេសឥណ្ឌូនេស៊ី ដែលអាចត្រូវបានគេបណ្ដេញចេញម្ដងទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអូស្ត្រាលីឈ្មោះ The Age and The Sydney Morning Herald នៅថ្ងៃទី ២៣ តុលានេះ។
លោកស្រី មូរ សុខហួរ បានប្រាប់សារព័ត៌មាននេះពីប្រទេសម៉ាឡេស៊ីថា កាលពីថ្ងៃអាទិត្យ លោកស្រីត្រូវបានអាជ្ញាធរថៃ បង្ខំដាក់នៅក្នុងបន្ទប់ពិសេសមួយ។ ពួកគេ (អាជ្ញាធរថៃ) បានឃ្លាំមើលលោកស្រី ហើយបន្ទាប់មក បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី (Malaysian Airlines) បានប្រឹងប្រែងស្វែងរកជើងហោះហើរថ្មី ដើម្បីឲ្យលោកស្រីធ្វើដំណើរវិលត្រឡប់ទៅកាន់ប្រទេសម៉ាឡេស៊ីវិញ។បើតាមលោកស្រី មូរ សុខហួរ ដែលបានថ្លែងប្រាប់សារព័ត៌មានអូស្ត្រាលីខាងលើនេះថា លោកស្រីមិនត្រូវបានអនុញ្ញាតឲ្យឆ្លងព្រំដែនឡើយ។ ហើយលោកស្រីក៏មិនត្រូវបានអាជ្ញាធរថៃអនុញ្ញាតឲ្យចាកចេញពីអាកាសយានដ្ឋានដែរ។ ដូច្នេះជំនួសឲ្យការធ្វើដំណើរទៅកាន់ទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី លោកស្រីបានសម្រេចចិត្តថា នឹងវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ជាជាងត្រូវបានគេបណ្ដេញចេញពីប្រទេសឥណ្ឌូណេស៊ីសារជាថ្មីម្ដងទៀត។ នេះបើតាមសារព័ត៌មានអូស្រ្តាលី The Age and The Sydney Morning Herald។គួរជំរាបជូនថា លោកស្រី មូរ សុខហួរ គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់ក្នុងចំណោម០៩នាក់ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរដ្ឋាភិបាលកម្ពុជាចោទប្រកាន់ពីបទ «ឧបឃាត» ឬប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ក្រោមផែនការមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នៅថ្ងៃទី ០៩ វិច្ឆិកា ខាងមុខនេះ។ ប៉ុន្តែក្រោមការស្នើសុំរបស់រដ្ឋាភិបាលកម្ពុជា លោកស្រី មិនត្រូវបានអនុញ្ញាតឲ្យចូលទឹកដីថៃឡើយ កាលពីរសៀលថ្ងៃអាទិត្យ ដោយសារតែលោកស្រីមានឈ្មោះនៅក្នុងបញ្ជីខ្មៅរបស់ថៃ។កន្លងទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលរបស់សម្តេចបានផ្ញើដីកាចាប់ខ្លួនលោក សម រង្ស៊ី ទៅប្រទេសជាសមាជិកអាស៊ានចំនួន៩ប្រទេស។ក្រោយមកនាយករដ្ឋមន្ត្រីឡាវ លោក ថងលុន ស៊ីសូលីត (Thongloun Sisoulith) បានអះអាងពីការគាំទ្រចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រីខ្មែរ។ ប៉ុន្តែមិនមានប្រទេសសមាជិកអាស៊ានផ្សេងទៀតអះអាងពីការទទួលលិខិតស្នើសុំឲ្យចាប់ខ្លួនលោកសម រង្ស៊ី ឬអះអាងពីការគាំទ្ររបស់ពួកគេចំពោះសេចក្ដីស្នើសុំរបស់កម្ពុជាជាសាធារណៈនៅឡើយ។
អាជ្ញាធរកម្ពុជាកំពុងតាមចាប់ខ្លួនលោកស្រី មូរ សុខហួរ ក្នុងបទល្មើសដែលត្រូវបានចោទប្រកាន់មួយចំនួន ក្នុងនោះមានការចោទប្រកាន់ថាមានគម្រោងធ្វើរដ្ឋប្រហាររដ្ឋាភិបាលនិងការញុះញង់ជាដើម។ មេដឹកនាំរបស់គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងស្នាក់នៅក្រៅប្រទេស គឺជាអ្នកនយោបាយសំខាន់មួយ ដែលរដ្ឋាភិបាលកម្ពុជាកំពុងតាមចាប់ខ្លួន។សកម្មជនអតីតគណបក្សសង្គ្រោះជាតិជាង៥០នាក់ ត្រូវចាប់ខ្លួន ក្រោមការចោទប្រកាន់ថា «រួមគំនិតក្បត់» ជាមួយលោក សម រង្ស៊ី ក្នុងគម្រោងការផ្ដួលរំលំរដ្ឋាភិបាល។កាលពីថ្ងៃទី២៦ ខែកញ្ញា តុលាការរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់សមាជិកជាន់ខ្ពស់ចំនួន៩នាក់នៃគណបក្សសង្គ្រោះជាតិ ពីបទ «ឧបឃាត» ដោយពាក់ព័ន្ធនឹងអង្គហេតុនៃការ«ប៉ុនប៉ងធ្វើរដ្ឋប្រហារ»។អ្នកទាំងនោះ រួមមានលោក សម រង្ស៊ី លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ធឬទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្រ្ទ លោកស្រី ជូឡុង សូមូរ៉ា និងលោក នុត រំដួលជាដើម។សូមបញ្ជាក់ថា តាមរយៈក្រសួងការបរទេសរដ្ឋាភិបាលកម្ពុជា កាលពីខែមុន បានបញ្ជូនដីកាចាប់ខ្លួនលោក សម រង្ស៊ី លោកស្រី មូរ សុខហួរ និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅដោយនិរទេសខ្លួននៅក្រៅប្រទេសមួយចំនួនទៀតទៅកាន់ប្រទេសជាសមាជិកអាស៊ានទាំងអស់។ ការហាមឃាត់លោកស្រីមូរ សុខហួរមិនឲ្យចូលប្រទេសថៃតាមផ្លូវគោកនេះមានន័យថា គម្រោងមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលរួមមានលោកសម រង្ស៊ី ផងនៅថ្ងៃទី ០៩ វិច្ឆិកាខាងមុខកំពុងជួបឧបសគ្គក្នុងការធើ្វដំណើរមកកម្ពុជា៕