រដ្ឋមន្រ្តីការបរទេសកម្ពុជា ចេញសារអបអរអត្តពលិកកម្ពុជា
នៅល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដែលជាថ្ងៃបិទបញ្ចប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានសរសេរសារនៅលើបណ្តាញសង្គម ដោយធ្វើការអបអរដល់អត្តពលិកកម្ពុជា ដែលខិតខំដណ្តើមមេដាយជូនប្រទេសជាតិ។
« ខ្ញុំសូមចូលរួមអបអរសាទរដល់អត្តពលិកទាំងអស់ ជាពិសេសអត្តពលិកកម្ពុជា ដែលបានចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣១ ក្នុងឆ្នាំនេះ នៅប្រទេសវៀតណាម។ កម្ពុជាបានទទួលមេដាយសរុបចំនួន៦៣៖ មាស ៩ ប្រាក់ ១៣ និង សំរឹទ្ធ ៤១»។
លោក ប្រាក់ សុខុន បានចាត់ទុកថា នេះគឺជាការបំបែកកំណត់ត្រាប្រកបដោយមោទនភាព ហើយយើងនឹងបន្តបង្កើនទំនុកចិត្តក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំក្រោយ៕