អាជ្ញាធរខេត្តបន្ទាយមានជ័យកំពុងត្រៀមខ្លួន ក្រោយអាជ្ញាធរថៃប្រកាសបើកទ្វារទឹកង្ហូរតាមអូរព្រំដែន
នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរថៃបានប្រកាសពីការបើកទ្វារទឹកបង្ហូរតាមអូរព្រំដែនកម្ពុជា-ថៃ ដើម្បីរំដោះទឹកចេញពីទំនប់ទឹកដែលកំពុងជន់ឡើងដោយទឹកភ្លៀង។ ក្រោយការប្រកាសនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យរបស់កម្ពុជា ក៏បានអំពាវនាវដល់យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ខណៈអាជ្ញាធរក៏កំពុងត្រៀមផងដែរ។
លោក សេក សុខុម មន្ត្រីនាំពាក្យខេត្តបន្ទាយមានជ័យ បានថ្លែងថា អាជ្ញាធរខេត្តបន្ទាយមានជ័យ បានទទួលដំណឹងនេះហើយ ព្រោះតែខេត្តស្រះកែវរបស់ប្រទេសថៃ និងខេត្តបន្ទាយមានជ័យរបស់កម្ពុជា មានចំណងមេត្រីជាមួយគ្នា និងបានផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ក្នុងករណីធ្វើអ្វីមួយដែលបង្កឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ ជាធម្មតា រៀងរាល់រដូវវស្សាខេត្តបន្ទាយមានជ័យតែងទទួលរងនូវជំនន់ទឹកភ្លៀង ឬទឹកជំនន់ពីប្រទេសថៃ ព្រោះតែប្រទេសកម្ពុជា ស្ថិតនៅតំបន់ទំនាបខណៈប្រទេសថៃខ្ពស់ជាង ទើបពេលទំនប់ទឹករបស់គេពេញប្រៀបម្ដងៗ តែងតែបង្ហូរចូលអូរព្រំដែនកម្ពុជា-ថៃ បង្កឱ្យមានការជន់លិចជារឿយៗ។
មន្ត្រីអ្នកណាំពាក្យរូបនេះបន្តថា ដោយមានបទពិសោធច្រើនលើកិច្ចការងារនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ ពិសេស តំបន់ក្រុងប៉ោយប៉ែត បានត្រៀមជើងការរួចជាស្រេចហើយ ក្នុងការត្រៀមជម្លៀសប្រជាពលរដ្ឋរកទីទួលសុវត្ថិភាព ប៉ុន្តែទន្ទឹមនឹងនោះ ប្រជាពលរដ្ឋគួរប្រយ័ត្នប្រយ៉ែងឱ្យបានខ្ពស់បំផុត ដើម្បីកុំឱ្យមានហានិភ័យណាមួយកើតឡើងជាយថាហេតុ។
បន្ថែមលើនេះ បងប្អូនប្រជាពលរដ្ឋត្រូវការពារកូនតូចៗ ពីការលេងទឹក ព្រោះវាអាចបង្កគ្រោះថ្នាក់បានគ្រប់ពេល និងត្រូវការពារសត្វល្អិតអសិរពិសផ្សេងៗក្នុងអំឡុងរដូវទឹកឡើងនេះផងដែរ៕