រដ្ឋបាលរាជធានីភ្នំពេញប្រាប់ឲ្យរាយការណ៍មកអាជ្ញាធរ ករណីមានការលួចលាក់ព្យាបាលជំងឺកូវីដ១៩ដោយខ្លួនឯង
ក្នុងសេចក្តីណែនាំមួយកាលពីថ្ងៃពុធ រដ្ឋបាលរាជធានីភ្នំពេញ បានលើកទឹកចិត្ត និងស្នើសុំប្រជាពលរដ្ឋដែលមានលណនៅដ្ឋានរស់នៅក្បែរខាងទីតាំងផ្ទះរបស់បុគ្គល ដែលសង្ស័យថា មានអ្នកជំងឺកូវីដ១៩ កំពុងលួចលាក់សម្រាកព្យាបាលដោយខ្លួនឯង ដោយគ្មានការវាយតម្លៃ និងការអនុញ្ញាតពីមន្រ្តីសុខាភិបាល ឬអាជ្ញាធរ ត្រូវរាយការណ៍ជាបន្ទាន់មករដ្ឋបាលរាជធានីភ្នំពេញ ឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានចាត់វិធានការបានទាន់ពេលវេលា ចៀសវាងការចម្លងជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង។
បើតាមការបញ្ជាក់របស់រដ្ឋបាលរាជធានីភ្នំពេញ បុគ្គលណាដែលបានប្រើប្រាស់តេស្តរសហ័សរកអង់ទីហ្សែនកូវីដ១៩ ទទួលបានលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ១៩ ហើយគេចវេស និងមិនព្រមរាយការណ៍ជូនមន្រ្តីសុខាភិបាល ក្រុមគ្រូពេទ្យ ឬអាជ្ញាធរមូលដ្ឋាន បុគ្គលនោះនឹងត្រូវប្រឈមនឹងការអនុវត្តនូវពិន័យជាប្រាក់ស្របតាម ប្រការ២ នៃប្រកាសអន្តរក្រសួងលេខ ១៧៨ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ឬក៏អាចប្រឈមនឹងទោសដាក់ពន្ធនាគារ ស្របតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ។
យ៉ាងណាក៏ដោយ បើតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ បុគ្គលដែលប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ ទទួលលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ១៩ សាមីខ្លួនត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីសមាជិកគ្រួសារ និងត្រូវមានកាតព្វកិច្ចតាមផ្លូវច្បាប់ ក្នុងការជូនដំណឹងជាបន្ទាន់ទៅមន្រ្តីសុខាភិបាល ឬអាជ្ញាធរមូលដ្ឋាន តាមរយៈទីបញ្ជាការស្រាល នៃមូលដ្ឋានខណ្ឌដែលខ្លួនកំពុងរស់នៅ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យចុះវាយតម្លៃស្ថានភាពអ្នកជំងឺ និងពិនិត្យទីតាំងផ្ទះថា តើត្រូវអនុញ្ញាតឲ្យអ្នកជំងឺព្យាបាលនៅផ្ទះ ឬត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។
ដោយឡែកក្រោយរយៈពេល ៣ថ្ងៃ ក្នុងករណីដែលទទួលបានលទ្ធផលតេស្ត PCR ពីមន្ទីរពិសោធន៍បញ្ជាក់ថា ជាប្រភេទអូមីក្រុង នោះអ្នកពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័ក និងធ្វើតេស្ត PCR នៅតាមទីតាំងដែលក្រសួងសុខាភិបាលបានកំណត់ និងមិនត្រូវចាកចេញពីទីតាំងដែលខ្លួនកំពុងស្នាក់នៅ ក្នុងករណីមិនចាំបាច់។
ក្នុងនោះដែរ ចំពោះអ្នកជំងឺកូវីដ១៩ រួមទាំងមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង ដែលមានអាការៈកម្រិតស្រាល គ្មានរោគសញ្ញា និងគ្មានកត្តាប្រឈម ដែលបានទទួលការអនុញ្ញាតឲ្យព្យាបាលនៅតាមផ្ទះ ត្រូវចុះកិច្ចសន្យានៅចំពោះមុខមន្រ្តីមានសមត្ថកិច្ចក្នុងការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ របស់ក្រសួងសុខាភិបាល ព្រមទាំងយល់ព្រមឲ្យអាជ្ញាធរមូលដ្ឋានដាក់ស្លាកសម្គាល់ ហើយក្នុងករណីមានបញ្ហាសុខភាព ត្រូវធ្វើការទំនាក់ទំនងតាមគ្រប់មធ្យោបាយជាបន្ទាន់ទៅមន្រ្តីសុខាភិបាល ឬអាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត៕