ចាប់ពីថ្ងៃទី១៤ ដល់២០ ធ្នូ ខេត្តមួយចំនួនអាចនឹងចុះត្រជាក់ដល់ ១៦អង្សា
ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ខេត្តមួយចំនួននឹងចុះត្រជាក់ក្នុងរង្វង់ពីទៅ១៨ ទៅ១៦អង្សា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ អាកាសធាតុចុះត្រជាក់នេះដោយសារកម្ពុជាទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន និងខ្យល់មូសុងឦសាន្តក្នុងកម្រិតពីបង្គួរទៅខ្លាំង។
បើតាមការបញ្ជាក់របស់ក្រសួង តំបន់ទំនាបកណ្តាលអាចមានសីតុណ្ហភាពអប្បបរមាពី ១៨-២២អង្សា និងមានសីតុណ្ហភាពអតិបរមាពី ២៩-៣១អង្សា។ នៅក្នុងខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប និងខេត្តបាត់ដំបង អាចនឹងចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៩អង្សា។
នៅតំបន់ខ្ពង់រាប អាចមានសីតុណ្ហភាពអប្បបរមាពី ១៦-១៩អង្សា និងមានសីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សា។ នៅក្នុងខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ អាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៨អង្សា។
ចំណែកនៅតំបន់មាត់សមុទ្រ អាចមានសីតុណ្ហភាពអប្បបរមាពី ១៩-២១អង្សា និងមានសីតុណ្ហភាពអតិបរមាពី ២៩-៣១អង្សា ហើយអាចចុះត្រជាក់ក្នុងរង្វង់ពី ១៨-២០អង្សា។ នៅលើផ្ទៃសមុទ្រអាចមានរលកក្នុងកម្រិតពីមធ្យមទៅបង្គួរ ។
ក្រសួងធនធានទឹកបានអំពាវនាវដល់ពលរដ្ឋ កងទ័ពដែលឈរជើងនៅតាមតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន្ត ជាពិសេសប្រជានេសាទ ត្រូវបង្កើនការប្រុងប្រយ័ត្នយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះស្ថានភាពចុះត្រជាក់នេះ៕