ព័ត៌មានជាតិ

ត្រី «ប៉ាសាណាក់» ឬត្រីសាលម៉ុនយក្សទន្លេមេគង្គ បង្ហាញខ្លួនជាថ្មី ក្រោយបាត់វត្តមានជាង២០ឆ្នាំ

ត្រី«ប៉ាសាណាក់» ដែលពលរដ្ឋខ្មែរខានបានឃើញវត្តមានរបស់ត្រីនេះ តាំងពីអំឡុងទសវត្សរ៍ឆ្នាំ ២០០០ បានបង្ហាញវត្តមានជាថ្មី​ កាលពីពេលថ្មីៗនេះ ជាលើកដំបូងនៅតំបន់ទន្លេមេគង្គ នៃខេត្តស្ទឹងត្រែង ហើយត្រូវបានប្រជាពលរដ្ឋនេសាទបាន និងអ្ន​ក​ជំនាញបានជួបប្រទះពេលគេយកទៅលក់នៅទីផ្សារក្នុងខេត្តស្ទឹងត្រែង។ នេះបើយោងតាមមន្ត្រីនាំពាក្យក្រសួងបរិស្ថាន។

ឯកឧត្តម នេត្រ ភក្ត្រា ​មន្ត្រីនាំពាក្យ​ក្រសួងបរិស្ថាន បានសរសេរនៅក្នុងទំព័រហ្វេសបុករបស់ឯកឧត្តម នៅរសៀលថ្ងៃទី១៣ ខែធ្នូ​នេះ​ថា ត្រីប៉ា​សា​ណាក់ ឬអាចហៅបានថា ជាត្រីសាលម៉ុនយក្សទន្លេមេគង្គ ​​ត្រូវបានចាត់ថ្នាក់ជាប្រភេទត្រី​ទទួល​រងការគំរាម​កំហែ​ង​​ជិត​ផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការ សហភាពអន្តរជាតិសម្រាប់អភិរក្សធម្មជាតិ (IUCN) តែនៅបង្ហាញ​វត្តមាន​នៅ​កម្ពុជា​យើងនៅឡើយទេ។ នេះមានន័យថាទន្លេមេគង្គ ឬទន្លេសាប នៅតែជាជម្រករបស់ប្រភេទត្រីជិតផុតពូជ ប្រភេទត្រីកម្រ និងត្រីទឹកសាបដទៃទៀត។

ឯកឧត្តម បន្ថែមថា ត្រីប៉ាសាណាក់នេះ ភាគច្រើនរស់នៅតំបន់មេគង្គលើ និងប៉ែកខាងប្រទេសឡាវ និងប្រទេសថៃ។ ដោយ​ឡែក វាបង្ហាញវត្តមានច្រើននៅទន្លេស្រែពក កាលពីពេលកន្លងទៅ ហើយទីនោះជាជម្រករបស់ប្រភេទត្រីប៉ាសាណាក់នេះ រួមនឹងប្រភេទត្រីទឹកសាបជាច្រើនទៀត។ យោងតាមសៀវភៅស្តីពីត្រីទឹកសាបនៃព្រះរាជាណាចក្រកម្ពុជា ត្រីប៉ាសាណាក់ ដែលមានឈ្មោះវិទ្យាសាស្ត្រ Aaptosyax grypus ជាប្រភេទត្រីមានស្រកាល្អិត មាត់ធំ ថ្គាមខាងក្រោមធំស្នាមគន្លាក់នៅ​ក​ណ្តាល និងថ្គាមលើគ្របដណ្តប់លើថ្គាមក្រោម គ្មានពុកមាត់ និងព្រុយខ្នងគ្មានទ្រនុងរឹង ហើយពោះរាងមូល ខ្លួនរាងស្រឡូន និងមានប្រវែងវែងបំផុត ១០០សង់ទីម៉ែត្រ ឬ១ម៉ែត្រ។

ចំពោះលក្ខណៈជីវសាស្ត្ររបស់ ត្រីប៉ាសាណាក់ វិញ វាជាប្រភេទត្រីដែលមានទំហំធំ និងរស់នៅតាមតំបន់នៃទន្លេមេគង្គ។ ត្រីប៉ា​​សាណាក់ ធ្វើចរាចរណ៍ឡើងពីខែមករា ទៅខែកុម្ភៈ រកកន្លែងពងកូននៅតាមអន្លង់តាមដងទន្លេមេគង្គ ក្នុងខេត្ត​ស្ទឹងត្រែង​ខាងក្រោមល្បាក់ដែនជ្រោះព្រះនិម្មិត ជាប់ព្រំប្រទល់នឹងប្រទេសលាវ។ ត្រីនេះកម្រចាប់វាបានណាស់នៅប្រទេសកម្ពុជា ហើយប្រជានេសាទនៅស្រុកថា​ឡាបរិវាត់ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី (ទន្លេស្រែពក) ធ្លាប់ចាប់ត្រីនេះ នៅទន្លេមេគង្គដោយឧបករណ៍នេសាទមង។ វាជាប្រភេទត្រីស៊ីកូនត្រីដទៃជាអាហារ និងអាចចាប់បានដោយឧបករណ៍មង អួន សន្ទូច និងសំណាញ់។

ត្រីប៉ាសាណាក់ ស្ថិតក្នុងពពួកទី១ នៃឧបសម្ព័ន្ធ របស់ត្រីទឹកសាប នៃប្រទេសកម្ពុជា ដែលមាន០៣ប្រភេទ ហើយ​ត្រី​ប៉ាសាណាក់នេះ ជាពពួកត្រី-ស ដែលមានន័យថា ជាប្រភេទត្រីដែលរស់នៅជិតពេញមួយឆ្នាំ ក្នុងជម្រកសំខាន់ៗ តាមទន្លេ និងដៃធំៗនៃទន្លេ និងជាប្រភេទត្រីធ្វើចរាចរណ៍ឆ្ងាយ គឺចេញពីទន្លេចូលទៅតំបន់លិចទឹកនៅរដូវវស្សា លុះទឹកស្រក វា​ត្រ​លប់​មកជម្រកសំខាន់របស់វាវិញ។ សរីរាង្គវិទ្យារបស់ពពួកត្រី-ស មិនអាចផ្សាំទៅនឹង​លក្ខខណ្ឌបរិស្ថាននៃតំបន់ដីសើម ដូចជាកម្រិតអុកស៊ីសែនទាបដូចប្រភេទត្រីខ្មៅបានទេ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *