ព័ត៌មានជាតិ

ឆ្នាំនេះកម្ពុជារំពឹងថាអាចទាក់ទាញអ្នកទេសចរ បាន៤លាននាក់

ផ្អែកលើការរស់ឡើងវិញនៃទេសចរណ៍ពិភពលោក ក៏ដូចជាទេសចរណ៍ក្នុងតំបន់ ដោយមានអន្តរាគមន៍យ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសកម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណជា ៤ លាននាក់នៅឆ្នាំ ២០២៣ ដែលជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ នេះបើតាមប្រសាសន៍លោក ជា សែ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងក្នុងក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច «ខ្សែក្រវាត់និងផ្លូវ» នៅរាជធានីភ្នំពេញ ថ្មីៗនេះ។

លោកបានបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ២,២៨លាននាក់ កើនឡើង ១០៥៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ប៉ុន្តែមានការថយចុះ ៦៥,៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ (មុនជំងឺរាតត្បាត)។

ប្រភពទីផ្សារសំខាន់ៗគឺប្រទេសថៃ វៀតណាម ចិន សហរដ្ឋអាមេរិក ឡាវ ឥណ្ឌូនេស៊ី កូរ៉េ បារាំង ម៉ាឡេស៊ី និងចក្រភពអង់គ្លេស។ ចំណែកឯភ្ញៀវទេសចរផ្ទៃក្នុង រួមមានៈ ភ្ញៀវទេសចរជាតិមានចំនួន ១៣,៩ លាននាក់ កើនឡើង ១៩៨,៨% និងភ្ញៀវទេសចរបរទេសមាន ១,៨ លាននាក់ កើនឡើង ៥៧២,២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។

លោក ជា សែ បានបន្ថែមថា ម៉្យាងវិញទៀត សម្រាប់ខែទី១ ឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៤០២.៩៤៣នាក់ កើនឡើង ៧៩៧,២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរផ្ទៃក្នុង រួមមាន ភ្ញៀវទេសចរជាតិ មានចំនួន ១,៨៧លាននាក់ កើនឡើង ១០៤,២%។ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២ ចំណែក​ភ្ញៀវ​ទេសចរ​បរទេស​មាន​ចំនួន ២០៦.២០៥​នាក់ កើនឡើង ១៤០,៤% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *