ព័ត៌មានជាតិ

នាយកប្រតិបត្តិលេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ បង្ហាញការព្រួយបារម្ភ ចំពោះបញ្ហាប្រឈមរបស់ទន្លេមេគង្គ

ថ្លែងនៅក្នុងសុន្ទរកថាលើកទីពីរ​របស់ខ្លួនស្តីពីស្ថានភាពទន្លេមេគង្គ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីដើមសប្តាហ៍នេះ នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានរៀបរាប់ពីការប្រឈមរបស់ទន្លេ​មេគង្គ​ដែលមាននិន្នាការ «ដ៏គួរឱ្យព្រួយបារម្ភ» ដោយផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួនប្រាំ រួមមាន របបរំហូរទឹក កំណកកករ ការជ្រៀតចូលរបស់​ទឹកប្រៃ ការបំពុលដោយប្លាស្ទីក និងទឹកជំនន់ និងគ្រោះរាំងស្ងួតដោយសារការប្រែប្រួលអាកាសធាតុ បើទោះជាវាមានវឌ្ឍនភាពប្រកបដោយ​អត្ថន័យ ដើម្បីការពារទន្លេដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍ឱ្យកាន់តែប្រសើរឡើងក៏ដោយ។

ប្រភពពីលេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គកម្ពុជា បានឱ្យដឹងថាកាលពីឆ្នាំមុន បណ្ឌិត អានុល័ក គិធិឃួន (Anoulak Kittikhoun) នាយកប្រតិបត្តិលេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គបានព្រមានពីគ្រោះហានិភ័យដែលរំហូរទឹកទាបរយៈពេលបួនឆ្នាំជាប់ៗគ្នា បានបង្កើតឱ្យមាន «បញ្ហាប្រឈមដែលមិនធ្លាប់កើតមានពីមុនមក» សម្រាប់ទន្លេ និងក្រុមគ្រួសារអ្នកនេសាទ និងកសិករដែលងាយរងគ្រោះ ដែលពឹងអាស្រ័យលើទន្លេនេះ។ ក៏ប៉ុន្តែបរិមាណភ្លៀងធ្លាក់ខ្លាំងជាងមុន និងការបញ្ចេញទឹកស្តុកទុកពីផ្នែកលើនៃទន្លេ បានធ្វើឱ្យបញ្ហា​ប្រឈម​មានភាពធូរស្រាល នៅក្នុងរយៈពេលខ្លី តែបញ្ហាប្រឈមជាច្រើនទៀតនៅតែកើតមាន។

«តើខ្ញុំមានដំណឹងល្អដែរឬទេ នៅឆ្នាំនេះ? ចម្លើយគឺមាន និង គ្មាន» បណ្ឌិត គិធិឃួន បានប្រាប់ដល់មន្ត្រីជំនាញ អ្នកការទូត និងនិស្សិត​មកពីបណ្តាលសាកលវិទ្យាល័យប្រចាំតំបន់ទន្លេមេគង្គរាប់រយនាក់ ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ និង​សន្និសីទអន្តរជាតិលើកទី៤។ «នៅឆ្នាំ២០២២ គ្រោះរាំងស្ងួតបានថយចុះ ហើយយើងមានបរិមាណភ្លៀងធ្លាក់ច្រើនជាងមុន ក៏ប៉ុន្តែ​ស្ថានភាព​បរិស្ថាន នៅតែជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន»។

យោងតាមការតាមដានរបស់គណៈកម្មការទន្លេមេគង្គ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ គេបាន​សង្គេតឃើញថា រំហូរទឹកនារដូវប្រាំងមានកម្រិតខ្ពស់ជាងមុន ប៉ុន្តែវាមានកម្រិតទាបជាងនៅរដូវទឹកវស្សា។ ស្ថានភាពនេះ បានបង្ហាញច្បាស់​បំផុតនៅបឹងទន្លេសាប ដែលជាបឹងដ៏ធំជាងគេបំផុត និងមានផលិតភាពខ្ពស់បំផុតនៅក្នុងតំបន់ ដែលត្រូវបានគេពណ៌នាថាជា «ចង្វាក់​បេះដូង​នៃទន្លេមេគង្គ»។ កាលពីខែធ្នូឆ្នាំមុន រំហូរទឹកចេញពីបឹងទន្លេសាប ទៅក្នុងទន្លេមេគង្គ មានបរិមាណត្រឹមតែពាក់​កណ្តាល​នៃ​កម្រិតរំហូរកាលពីឆ្នាំ១៩៩៥ ប៉ុណ្ណោះ។ បណ្ឌិត គិធិឃួន បានសង្កត់ធ្ងន់ថា «ខ្ញុំសូមនិយាយម្តងទៀតថា វាមានត្រឹមតែពាក់កណ្តាល​ប៉ុណ្ណោះ»។

សម្រាប់កំណកល្បាប់វិញ ការបង្អាក់កករនៅផ្នែកខាងលើទន្លេ និងការបូមយកខ្សាច់ បានធ្វើឱ្យបរិមាណកំណកល្បាប់នៅតាមផ្នែកខ្លះៗ ធ្លាក់ចុះយ៉ាងច្រើន គឺចាប់ពីកម្រិត៦០ភាគរយ និង៩០ភាគរយ។ ប្រការនេះអាចប៉ះពាល់ដល់ផលិតភាពតំបន់លិចទឹក និងស្ថិរភាព​ច្រាំងទន្លេ។ បណ្ឌិត គិធិឃួន មានប្រសាសន៍ថា៖ «ទន្លេមេគង្គមិនអាចបន្តបាត់បង់ដីល្បាប់ទៀតទេ បើមិនដូច្នេះទេ វានឹងលែងក្លាយ​ជាទន្លេមេគង្គទៀតហើយ។»

ការកើនឡើងសារធាតុជាតិប្រៃ គឺជាក្តីកង្វល់មួយទៀត ដោយផ្នែកខ្លះនៃតំបន់ដីសណ្ដទន្លេមេគង្គមានកម្ពស់ត្រឹមតែពីរម៉ែត្រ ពី​លើកម្ពស់​ទឹកសមុទ្រ។ កំហាប់ជាតិប្រៃលើសពីមួយក្រាមក្នុងមួយលីត្រ ផ្តល់ផលវិបាកជាច្រើនលើប្រព័ន្ធធារាសាស្រ្ត។ បច្ចុប្បន្ននេះ គណៈកម្មការ​ទន្លេមេគង្គ វាស់ឃើញមានកំហាប់ជាតិប្រៃបួនដង នោះគឺ ៤ក្រាមក្នុងលីត្រ លើផ្ទៃដីទំហំ១៣៨ គីឡូម៉ែត្រការ៉េបន្ថែមទៀត ជារៀងរាល់ឆ្នាំ។ បណ្ឌិត គិធិឃួន លើកឡើងថា ស្ថានភាពបែបនេះ អាចធ្វើឲ្យខូចដំណាំស្រូវ «ដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខស្បៀង និងការនាំចេញ»។

ទិដ្ឋភាពទី៤ គឺការបំពុលដោយប្លាស្ទីក។ ទន្លេមេគង្គ ត្រូវបានគេប៉ាន់ស្មានរួចមកហើយថាបរិមាណសំណល់ប្លាស្ទីកដ៏ច្រើនបំផុតលំដាប់ទី១០ គឺចន្លោះពី១៧.៤ ទៅ១០១ តោនក្នុងមួយថ្ងៃបានហូរចាក់ចូលទៅក្នុងមហាសមុទ្រនានា នៅក្នុងពិភពលលោក ។ បណ្ឌិត គិធិឃួន មាន​ប្រសាសន៍ថា «កាកសំណល់ទាំងនេះ មានទំហំប៉ុនត្រីបាឡែនដ៏ធំ ដែលត្រូវបានគេបោះចោលទៅក្នុងមហាសមុទ្រ​ជារៀង​រាល់ថ្ងៃ។» មីក្រូ​ប្លាស្ទីកទាំងនេះ អាក្រក់ដូចឧក្រិដ្ឋជនចឹង ព្រោះវាល្អិតពេក ពិបាកនឹងមើលមិនឃើញ។ ត្រី អាចស៊ីប្លាស្ទីកទាំងនេះ ដែលអាចបំពុលដល់​ច្រវាក់​​ម្ហូបអាហាររបស់មនុស្ស។

ទិដ្ឋភាពទី៥ ការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរឡើង។ ខណៈពេលដែលចំនួន «ថ្ងៃ​ដែលមានភ្លៀងធ្លាក់ខ្លាំង» បានថយចុះយ៉ាងខ្លាំងនៅក្នុងអាងទន្លេមេគង្គក្រោម តែនៅពេលដែលមានធ្លាក់ភ្លៀង វាធ្លាក់និងបក់បោក​យ៉ាងខ្លាំង៖ នៅរដូវវស្សាឆ្នាំ២០១៨ និង២០០០ «ចំនួនប្រជាជនដែលរងគ្រោះដោយទឹកជំនន់បានកើនឡើងរហូតដល់ ១២​លាននាក់។» ទន្ទឹមនឹងនេះ ភាពញឹកញាប់នៃគ្រោះរាំងស្ងួតបានកើនឡើងក្នុងរយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០ បើធៀបនឹងទសវត្សរ៍មុន។

នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានបញ្ចប់សុន្ទរកថា ជាមួយនឹងការអំពាវនាវឱ្យមានវិធានការបន្ទាន់។ ខណៈ​ដែលកាលពីឆ្នាំមុនលោកបានអំពាវនាវថា «យើងគប្បីខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមទាំងនេះ (ន័យធៀប ពន្លត់ភ្លើង​ដែល​កំពុងឆេះ)» ថ្ងៃនេះ លោកបានលើកឡើងថា «យើងមិនគួរចាក់ប្រេងទៅលើភ្លើងទេ។ យើងអំពាវនាវឱ្យ​ប្រទេសតាមដងទន្លេមេគង្គ ដៃគូនិងភាគីពាក់ព័ន្ធទាំងអស់ធ្វើសកម្មភាព។ ក៏ប៉ុន្តែ វិធីដែលយើងជ្រើសរើសអនុវត្ត និងវិធីដែលមិត្តរបស់យើងទាំងក្នុងនិងក្រៅតំបន់អនុវត្ត នឹងកំណត់ជោគវាសនារបស់ទន្លេមេគង្គ ក៏ដូចជាជោគវាសនារបស់យើងទាំងអស់គ្នាដែរ»។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *