ព័ត៌មានជាតិ

សារព័ត៌មានថៃចុះផ្សាយថា ថៃរំពឹងឈ្នះមេដាយមាសច្រើននៅស៊ីហ្គេមឆ្នាំនេះ ប៉ុន្តែម្ចាស់ផ្ទះនឹងប្រើល្បិច

សារព័ត៌មានក្នុងស្រុករបស់ថៃចុះផ្សាយជាភាសាអង់គ្លេសមានឈ្មោះថា THE NATION THAILAND កាលពីថ្ងៃទី២៥ខែមីនាឆ្នាំ២០២៣បានចុះផ្សាយនូវអត្ថបទមួយក្រោមចំណងជើងថា «Thais expect plenty of gold at SEA Games, but warn Cambodia is ‘tricky’» ដែលបកប្រែក្រៅផ្លូវការជាខេមរភាសាថា «ថៃរំពឹងឈ្នះមេដាយមាសច្រើននៅស៊ីហ្គេមឆ្នាំនេះ ប៉ុន្តែព្រមានថាម្ចាស់ផ្ទះកម្ពុជានឹងប្រើល្បិច»។

The Nation ចុះផ្សាយដោយយោងប្រភពពីមន្ត្រីមកពីសហព័ន្ធកីឡាចំនួនប្រាំរបស់ខ្លួន ដែល​ថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយដែលរៀបចំដោយអាជ្ញាធរកីឡាថៃកាលពីថ្ងៃសុក្រសប្តាហ៍មុនថា «កីឡាករ​ថៃ​នឹង​ឈ្នះ​មេដាយ​មាស​យ៉ាង​តិច​១៥​គ្រឿង​ក្នុង​៥​វិញ្ញាសាផ្សេងគ្នា នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​នៅ​កម្ពុជា​ក្នុង​ខែ​ឧសភាខាងមុខ ប៉ុន្តែបានទាញសញ្ញាព្រមានថា ទោះបីជាយ៉ាងណា ម្ចាស់ផ្ទះ[កម្ពុជា] អាចប្រើល្បិចមួយចំនួន»។

មន្ត្រីថៃបញ្ជាក់ថា ថៃ​នឹង​ឈ្នះ​មេដាយ​មាសហោចណាស់​១៥​គ្រឿង​លើ​វិញ្ញាសា​បាល់ទះ វាយកូនហ្គោល អុក ជិះទូក និង​ចំបាប់។ ក្នុងចំណោម ប្រធានសហព័ន្ធកីឡាថៃទាំង៥រូប លោក Visuit Tangvarithron ប្រធានសមាគមកីឡាចំបាប់ថៃរំពឹងថា យ៉ាងហោចណាស់ថៃនឹងទទួលបានមេដាយមាស១គ្រឿងពីកីឡាចំបាប់ ក្នុងចំណោមកីឡាករ១៥រូបដែលខ្លួនបញ្ជូនមកកម្ពុជា។ ប៉ុន្តែមន្ត្រីរូបនេះអះអាងថាវាជារឿងអយុត្តិធម៌​ដោយចោទកម្ពុជាថា បាន​បញ្ជូន​កីឡាករចំបាប់​ម្នាក់ ​សញ្ជាតិ​អ៊ីរ៉ង់ឱ្យចូលប្រកួត ទាំងដែលមិនទាន់បាន​ទទួល ​សញ្ជាតិ​កម្ពុជាផងនោះ។

ដោយឡែក លោក Thana Chaiprasit អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃបានយល់ស្របនឹងអ្វីដែលមន្ត្រីសហព័ន្ធចំបាប់ថៃបានលើកឡើង ដោយលោក Thana និយាយថា៖ «កម្ពុជាកំពុងធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ ដើម្បីទាញយកផលប្រយោជន៍ពីដៃគូប្រកួតប្រជែង រួមទាំងការបញ្ជូនអត្តពលិកដែលបានប្តូរសញ្ជាតិ និងចាត់តាំងអាជ្ញាកណ្តាលកម្ពុជាខ្លួនឯងឱ្យកាត់សេចក្តី»។

លើសពីនេះអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃរូបនេះ បន្ថែមថាអត្តពលិកថៃនឹងពិបាកទៅប្រកួតស៊ីហ្គេមនៅកម្ពុជា ដោយសារពួកគេប្រហែលជាគ្មានកន្លែងសម្រាប់ស្នាក់នៅ។ លោកអះអាងថាកម្ពុជាមិនទាន់បានត្រៀមខ្លួនពេញលេញសម្រាប់ការប្រកួតទេ ដោយភាគីថៃ​ត្រូវ​កក់​បន្ទប់​សណ្ឋាគារ​សម្រាប់​អត្តពលិកបម្រុងទុក ​ព្រោះ​កន្លែង​ស្នាក់នៅ​សម្រាប់​អត្តពលិក​មិន​ទាន់​សាងសង់​រួចរាល់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *