ព័ត៌មានជាតិ

លោក ឈឿន ប៊ុនឆន ត្រូវបានប្រកាសតែងតាំង ជាស្នងការខេត្តព្រៃវែងជាផ្លូវការ!

(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ.លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅព្រឹកទី១៣.០៣.២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងលោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ចូលកាន់មុខតំណែង ស្នងការខេត្តព្រៃវែង។

ការប្រកាសនេះ ធ្វើឡើងនៅសាលប្រជុំធំ(A) ក្នុងអគាររដ្ឋបាលសាលាខេត្តព្រៃវែង ដែលមានការចូលរួម ពីមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករ។

លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានលើកឡើងពីការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត។

ទន្ទឹមនិងនោះនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា លោកស្នងការខេត្តព្រៃវែងថ្មី ត្រូវខិតខំបំពេញកិច្ចការងារជូនជាតិមាតុភូមិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
និងត្រូវបម្រើសេវាសាធារណៈ ជូនពលរដ្ឋឱ្យបានល្អប្រសើដោយពុំមានការរើសអើង។

នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានកត់សម្គាល់ថា កន្លងមកខេត្តព្រៃវែង គ្រប់គ្រងសន្តិសុខបានល្អ.គ្រាន់តែគ្រោះថ្នាក់ចរាចរណ៍រៀងច្រើនបន្តិច។

ក្នុងនោះផងដែរ នាយឧត្ដមសេនីយ៍ក៏បានលើកឡើង ពីភាពជោគជ័យ របស់កម្ពុជា ចំពោះការទប់ស្កាត់និងលុបបំបាត់នូវជំងឺកូវីដ១៩ លឿននិងឆាប់រហ័ស!។

សូមជម្រាបថាៈ កាលពីថ្ងៃទី២៨.០២.២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេច ដោយតែងតាំងលោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន អតីតប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការនគរបាលជាតិ ជាស្នងការខេត្តព្រៃវែង ជំនួយលោកឧត្ដមសេនីយ៍ទោ ព្រុំ សន្ធរ ដែលត្រូវតែងតាំង ជាអគ្គស្នងការរងនគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាកូនរបស់លោក ផៃ ប៊ុនឈឿន អតីតអភិបាលខេត្តកណ្ដាល និងបច្ចុប្បន្ន ជារដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន ហើយក៏ត្រូវជាប្អូនរបស់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ផងដែរ។

លោក ឈឿន ប៊ុនឆន ពីមុនធ្លាប់កាន់មុខតំណែងជាអធិការស្រុកកោះធំ ខេត្តកណ្ដាល និងផ្លាស់មកជាអនុប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង។ ក្រោយមកក៍ត្រូវបានប្រមុខរាជរដ្ឋាភិបាលតែងតាំងជា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយពេលនេះ លោកបានក្លាយជាស្នងការខេត្តព្រៃវែង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *