គណបក្សប្រជាជនកម្ពុជាបន្តឈ្នះការបោះឆ្នោតព្រឹទ្ធសភាអាណត្តិថ្មី
គណបក្សប្រជាជនកម្ពុជាបានបន្ដឈ្នះការបោះឆ្នោតជ្រើសរើ់សសមាជិកព្រឹទ្ធសភាអាណត្តិទី៥ ឆ្នាំ២០២៤ ទទួលបាន១០ ០៥២សំឡេង ស្មើនឹង៥៥អាសនៈ ដែលជាការបន្តបើកផ្លូវឱ្យគណបក្សគ្រប់គ្រងព្រឹទ្ធសភាអាណត្តិថ្មីនេះបន្តទៀត។ នេះបើយោងតាមលទ្ធផលផ្លូវការដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅព្រឹកថ្ងៃទី៥ ខែមីនា ។
គណបក្សប្រជាជនបានប្រកាសទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត និងប្ដេជ្ញាបំពេញការងារប្រកបប្រសិទ្ធភាពដើម្បីបន្តពង្រឹងដោយប្រសិទ្ធភាពលើការងារច្បាប់ ការងារតំណាងពលរដ្ឋ ការអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងអភិវឌ្ឍន៍ស្ថាប័នព្រមទាំងពង្រឹងការផ្សារភ្ជាប់រវាងថ្នាក់ជាតិ និងក្រោមជាតិឱ្យកាន់តែប្រសើរឡើង។
ក្នុងសេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា៖ «លទ្ធផលនៃការបោះឆ្នោតនេះពិតជាបានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈដ៏ថ្លៃថ្លា និងមោះមុតរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេសក្នុងការថែរក្សាសន្ដិភាព និងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ខ្លួន»។
ក្រៅពីគណបក្សប្រជាជនដែលបានឈ្នះនូវការបោះឆ្នោតនេះ គណបក្សឆន្ទៈខ្មែរក៏ទទួលបានការគាំទ្រ និងទទួលបានអាសនៈចំនួន៣នៅព្រឺទ្ធសភាផងដែរ។
គួរឱ្យដឹងផងដែរថា ព្រឹទ្ធសភាកម្ពុជាមានចំនួន៦២អាសនៈក្នុងនោះក្រៅពីបោះឆ្នោតជ្រើសតាំងចំនួន៥៨អាសនៈ មាន២អាសនៈត្រូវបានជ្រើសរើសដោយព្រះមហាក្សត្រ និង២អាសនៈត្រូវបានជ្រើសតាំងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តពីរដ្ឋសភា៕