ម្ចាស់ផ្ទះជួល ខឹងគេឈប់ជួលបន្ទប់ ផ្ទុះកំហឹងដកកាំភ្លើងភ្ជង់
ម្ចាស់ផ្ទះជួលមួយកន្លែងស្ថិតក្នុងសង្កាត់ទឹកថ្លា បានដកកាំភ្លើងភ្ជង់គំរាម ក្រោយពីអ្នកជួលផ្ទះសុំរើចេញព្រោះនៅមិនកើត ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅផ្ទះជួលពណ៌ស្វាយ ផ្លូវបេតុង ភូមិទឹកថ្លាក្រោយព្រះវិហារព្រះយេស៊ូគ្រិស្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។
ភាគីជម្លោះរវាងម្ចាស់ផ្ទះ និងអ្នកជួលស្នាក់នៅ គឺមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ សមត្ថកិច្ចកំពុងសាកសួរនៅប៉ុស្តិ៍នគរបាលទឹកថ្លា។
ប្រភពពីម្តាយជនរងគ្រោះបានប្រាប់ទាំងភ័យស្លន់ស្លោថា កូនគាត់ជាសិស្សឆ្នើមនិទ្ទេសA ទើបតែឡើងមកជួលបន្ទប់ស្នាក់នៅបានមួយរយៈពេលខ្លីប៉ុណ្ណោះ។ ដោយពិបាកស្នាក់នៅ ដោយសារកន្លែងទុកម៉ូតូមានភាពចង្អៀត កូនគាត់ក៏ប្រាប់ម្ចាស់ផ្ទះសុំរើចេញឈប់ជួលបន្ទប់នោះបន្តទៀត តែម្ចាស់ផ្ទះជាជនជាតិវៀតណាមនោះ បានចេញប្រតិកម្មខឹងសម្បា និងមិនឱ្យកូនរបស់គាត់រើចេញនោះទេ។ ក្រោយមកក៏កើតជារឿងទាស់សម្តីគ្នាបន្តិចបន្តួចទើបកូនគាត់ខ្លាចមិនហ៊ានស្នាក់នៅទីនោះទៀត នាងក៏បានចេញទៅនៅជាមួយបងប្អូនជាបណ្តោះអាសន្ន។
លុះដល់ព្រឹកឡើង កូនបានហៅម្ដាយ និងម្តាយមីង ដែលជាចាស់ទុំឱ្យមកជួយរើអីវ៉ាន់ចេញ និងនិយាយជាមួយម្ចាស់ផ្ទះផង។ ពេលពួកគាត់មកដល់ បានប្រាប់ម្ចាស់ផ្ទះសុំរើអីវ៉ាន់ចេញ ខណៈកំពុងតែរើ ស្រាប់តែម្ចាស់ផ្ទះនោះបានមកជេរប្រមាថពួកគាត់ចោទពួកគាត់ថាជាចោរ និងដាក់ទំនាយកូនស្រីគាត់បន្ថែមទៀត។ ដោយលឺពាក្យមិនសមរម្យពីម្ចាស់ផ្ទះមកកាន់យុវតីខាងលើ ម្តាយមីងក៏ចេញមុខមកនិយាយសម្រួលថា «បើក្មួយស្រីខ្លួននៅមិនកើតទៅហើយ ឱ្យនាងរើចេញទៅចាំបាច់អីត្រូវជេរ និងដាក់ទំនាយនាងបែបនេះ» គ្រាន់តែនិយាយចប់ក៏កើតជាជម្លោះឈ្លោះប្រកែកគ្នាម្ដងទៀត រហូតមានបុរសម្នាក់ដែរគេស្គាល់ថាជាកូនម្ចាស់ផ្ទះជនជាតិវៀតណាមខាងលើ បានចេញមកជួយឈ្លោះ និងដកកាំភ្លើងមកភ្ជង់ពួកនាង។
គួរបញ្ជាក់ថា បន្ទាប់ពីមានការភ្ញាក់ផ្អើលសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុហៅភាគីម្ចាស់ផ្ទះដែលដកកាំភ្លើង និងអ្នកជួលបន្ទប់ស្នាក់ទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីសួរនាំតាមនិតិវិធីច្បាប់៕