ព័ត៌មានជាតិ

កម្ពុជានឹងបញ្ជូនទ័ពមួកខៀវជាង ៤០០នាក់ ទៅប្រទេសលីបង់ និងអាហ្វ្រិកកណ្តាល នៅដើមខែកុម្ភៈ

កងទ័ពមួកខៀវប្ដូរវេនចំនួន ៤០៥នាក់(ស្ត្រី ៥២នាក់) នឹង​ចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល នាដើមខែកុម្ភៈ ខាងមុខ។

លោក សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការ ជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់ថា កម្លាំងកងទ័ពមួកខៀវ ដែលបញ្ជូនទៅបំពេញបេសកកម្មនោះ រួមមាន កងវិស្វកម្មពហុជំនាញ លេខ៨២៩ នឹងចេញបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ និងកងវិស្វកម្មសំណង់ លេខ៤៣២ នឹងត្រូវទៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

ជាមួយគ្នានេះ បើតាម​លោក ហួត គឹមសាន នាយកសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ បានឱ្យដឹងថា បច្ចុប្បន្នសាលាបាននិងកំពុងធ្វើការហ្វឹកហ្វឺនដល់កងកម្លាំង ត្រៀមប្ដូរវេនចេញបំពេញបេសកកម្មនៅសាធាណរដ្ឋលីបង់ និងអាហ្វ្រិកកណ្ដាល តាមកម្មវិធីជាក់ស្តែងលើជំនាញវិស្វកម្ម(សំណង់ផ្តេក-សំណង់បញ្ឈរ) ផ្នែកតូប៉ូ (TOPO) ផ្នែកសុខាភិបាលជំនាញបច្ចេកទេសបើកបររថយន្ត គ្រឿងចក្រ រថយន្តពន្លត់អគ្គិភ័យ និងជួសជុលកម្រិតស្រាល, ជំនាញបោសសម្អាតមីនដោយដៃ ដោយគ្រឿងចក្រ កម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ(EOD, IEDS) ក្បួនយុទ្ធវិធី យុទ្ធដំណើរទ័ព ឋានលេខា សព្វាវុធ អប់រំនាយ បទបញ្ជាបាញ់គ្រាប់ពិត លំហាត់របៀប កីឡា (រត់ឆ្លងឧបសគ្គសិប្បនិមិត្ត រត់ឆ្លងឧបសគ្គធម្មជាតិ រត់ចម្ងាយ រត់ពាក់កណ្តាលកម៉ង់ដូ លំហាត់ប្រាណ២៤កាយវិការ) និងក្បាច់គុណល្បុកតោភ្លេងបុរាណ សិល្បៈ សាសនាប្រពៃណីជាតិខ្មែរ ជាដើម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *