ព័ត៌មានជាតិ

ថែទាំសុខភាព! កម្តៅកើនឡើងជិតដល់៤០ អង្សាសេ នៅ​តំបន់វាលទំនាប​ និងតំបន់ខ្ពង់រាប

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា សម្ពាធទាបបានគ្របដណ្ដប់មកលើព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅតំបន់វាលទំនាបមាន សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៨°C ។

ខ្យល់បក់មកពីទិសទក្សិណ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ នៅតំបន់ទំនាបភាគពាយ័ព្យអាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណពី៥-១០%។

ចំណែកតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសបូព៌ និងទិសទក្សិណមានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។

រីឯតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៥°C ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ មានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណពី៥-១០%។

ចំណែករលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,០០ម៉ែត្រ៕