ឈ្មួញឈើវាយអ្នកកាសែតម្នាក់នៅខេត្តក្រចេះរបួស ក្រោយខឹងអ្នកកាសែតរូបនោះថតសកម្មភាពដឹកឈើ
(ក្រចេះ) ៖ យ៉ាងហោចណាស់អ្នកសារព័ត៌មានម្នាក់ក្នុងចំណោម២នាក់ បានរងរបួសដោយសារអំពើហិង្សាពីសំណាក់អ្នកក្រុមអ្នករកស៊ីឈើ ខឹងសម្បារនឹងអ្នកសារព័ត៌មាន តែងតែថតសកម្មភាពដឹកឈើរបស់ពួកគេជាញឹកញាប់។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ២៖៤០នាទីរសៀលថ្ងៃទី ១៨ ខែកក្កដាឆ្នាំ ២០២២។
ជនរងគ្រោះឈ្មោះសាន ស៊ីម ហៅរ៉ា ភេទប្រុសអាយុ ៥២ ឆ្នាំរស់នៅភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ រងរបួសធ្ងន់។ រីឯម្នាក់ទៀតឈ្មោះធី ភេទប្រុស អាយុ៤៩ឆ្នាំ ជាអ្នកយកព័ត៌មាន មិនមានរងរបួសនោះទេ។ ដោយឡែកជនសង្ស័យទីមួយឈ្មោះខ្យង ភេទប្រុស អាយុ៣០ឆ្នាំ នឹងបក្ខពួកពីរនាក់ទៀតមិនស្គាល់អត្តសញ្ញាណ។
ប្រភពពីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែអង្គុយហូបដំឡូងស្ងោរជាមួយ អ្នកសារព័ត៌មានម្នាក់ទៀត។ ភ្លាមនោះស្រាប់តែមានជនសង្ស័យចំនួន៣នាក់ បានជិះម៉ូតូមួយគ្រឿងមកឈប់នៅក្បែរខ្លួន ហើយយកដំបងឈើប្រវែងប្រហែលមួយម៉ែត្រមកវាយលើខ្លួន ត្រូវចំក្បាលបណ្ដាលឱ្យរងរបួសបែកក្បាលហូរឈាមជោគខ្លួន មិនតែប៉ុណ្ណោះ ជនសង្ស័យបានយកទូរសព្ទរបស់ជនរងគ្រោះបោះចោល រួចបានរត់គេចខ្លួនបាត់អស់ដោយបានយកវត្ថុតាងទៅជាមួយ។
ជនរងគ្រោះអះអាងថា ប្រហែលជាពួកជនសង្ស័យទាំងនោះ ខឹងនឹងខ្លួនដែលតែងតែថតសកម្មភាពដឹកឈើរបស់ពួកគេជាញឹកញាប់ ទើបកើតមានរឿងអំពើហិង្សាបែបនេះមកលើខ្លួន។ ភ្លាមៗ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមូលដ្ឋាន។ ក្រោយទទួលបានពាក្យបណ្ដឹងសមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យស្រាវជ្រាវរកមុខសញ្ញាតាមនីតិវិធី៕