លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ត្រូវព្រះមហាក្សត្រលើកលែងទោស
លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ត្រូវបានព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោស នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។
ក្នុងព្រះរាជក្រឹត្យ ត្រង់មាត្រាទី១ បានបញ្ជាក់ថា៖«លើកលែងទោសឱ្យទណ្ឌិតឈ្មោះ ឡាយ វណ្ណៈ ភេទប្រុស កើតឆ្នាំ១៩៧៣ ដែល ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៣ឆ្នាំ តាមអំណាច សាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៤៤៥ VI ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ របស់ តុលាការកំពូល»។
សូមរំលឹកថា លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារពីបទ «ឃាតកម្ម» លើស្ត្រីម្នាក់ឈ្មោះ ចេវ សុវឌ្ឍនា ដែលសង្ស័យថាជាស្រីកំណាន់ចិត្តរបស់លោក ឡាយ វណ្ណៈ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។ នៅថ្ងៃកើតហេតុ ស្ត្រីជនរងគ្រោះ ត្រូវបានគេប្រទះឃើញស្លាប់ដោយចង-ក នៅក្នុងផ្ទះវីឡាមួយកន្លែង ក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ៕