លោក ផៃ ស៊ីផានថាកាតព្វកិច្ចលោកព្រាប កុលត្រូវតែចូលខ្លួនមកជជែកគ្នាតាមការអញ្ជើញ របស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
លោក ផៃ ស៊ីផានរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកជាអ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់នៅថ្ងៃចន្ទនេះថាលោក ព្រាប កុលនាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជាឬតំណាងរបស់លោកត្រូវតែចូលខ្លួនមកជជែកដោយបិទទ្វារនៅទីស្តីការគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។ ការគូសបញ្ជាក់របស់លោក ផៃ ស៊ីផាន គឺបន្ទាប់ពីលោកព្រាប កុលបានឆ្លើយតបដោយប្រយោលថាលោកកំពុងជាប់រវល់បំពេញបេសកកម្មអន្តរជាតិនៅទ្វីបអឺរ៉ុប។ដូចនេះលោកមិនអាចទៅចូលរួមប្រជុំតាមកាលវិភាគនៃការអញ្ជើញនេះបានទេ។ នៅថ្ងៃចន្ទនេះលោក ផៃ ស៊ីផានបានសង្កត់ធ្ងន់ថាជាកាតព្វកិច្ចលោក ព្រាប កុល ឬតំណាងត្រូវតែចូលខ្លួនមកជជែកគ្នាតាមការអញ្ជើញនេះ។
ការកោះអញ្ជើញរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលគឺតម្រូវឲ្យនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាចូលរួមក្នុងកិច្ចពិភាក្សាចង្អៀត(Closed Door Meeting) ចំពោះអ្វីដែលលោក ព្រាប កុល បាននិយាយជាមួយសារព័ត៌មានបរទេសមួយឈ្មោះថា Southeast Asia Globe។
ទស្សនាវដ្ដីនេះ បានចុះផ្សាយកាលពីថ្ងៃទី២១ ខែសីហា កន្លងមក ដោយបានលើកថា កម្ពុជាបានទទួលកំណើនសេដ្ឋកិច្ចរីកលូតលាស់ខ្លាំងនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ប៉ុន្តែបានដកស្រង់សំដី លោក ព្រាប កុល ដែលនិយាយថាពលរដ្ឋកម្ពុជាភាគច្រើនជាពិសេសអ្នកក្រឬពលរដ្ឋងាយរងគ្រោះមិនទទួលបានផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់នេះឡើយ។ចំណុចនេះហើយដែល លោក ផៃ ស៊ីផាន អះអាងថា អ្វីដែល លោកព្រាប កុលបានធ្វើអត្ថាធិប្បាយនោះជាព័ត៌មានមិនពិតគឺផ្ទុយពីអ្វីដែលរដ្ឋាភិបាលរបស់លោកកំពុងតែធ្វើ។យ៉ាងណាក៏ លោក ព្រាប កុល បានកត់សម្គាល់ឃើញថា ថ្មីៗនេះ មានការអញ្ជើញប្រធានស្ថាប័ន ឬអង្គការសង្គមស៊ីវិលពីសំណាក់រដ្ឋាភិបាល ក្រោយមានការធ្វើអត្ថាធិប្បាយអំពីបញ្ហាសង្គម ឬក្រោយមានការសម្តែងមតិនៅតាមរយៈសារព័ត៌មានដែលនេះគឺជាការវិវត្តថ្មីមួយនៅកម្ពុជា ដែលគួរជាទីចាប់អារម្មណ៍។បើតាម លោក ផៃ ស៊ីផាន យន្តការកោះហៅមន្រ្តីសង្គមស៊ីលវិលទៅជជែកគ្នាដោយបិទទ្វារនេះ មិនមែនជារឿងចម្លែកទេ។ដោយលោកបានភ្ជាប់យន្តការនេះទៅនឹងអ្វីដែលលោក ស ខេង បានលើកឡើងកន្លងមកថា អង្គការសង្គមស៊ីវិលជាដៃគូរដ្ឋាភិបាលដែលត្រូវតែចែករំលែកព័ត៌មានឲ្យគ្នាទៅវិញទៅមក។