ព័ត៌មានជាតិ

អ្ន​ក​ជាប់​និទ្ទេស​ A​មា​ន​៤៤៣​នាក់ទុយិភូមិ​២០១៩​

បើតាមសេចក្តី​ប្រកាស​របស់​ក្រសួង​អប់រំយុវជននិងកីឡាបាន​ឲ្យ​ដឹង​ថាបេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន៧៩ ០៥២នាក់ ស្នើ​នឹង​៦៨.៦២​ភាគ​រយ ធៀប​នឹង​ឆ្នាំ​២០១៨ ដែល​អ្នក​ជាប់​បាក់​ឌុប​មាន​ប្រមាណ​៦៧.០៧​ភាគ​រយ​។ សម្រាប់​បាក់​ឌុប​ឆ្នាំ​២០១៩នេះ មាន​បេក្ខ​ជន ដែល​ទទួល​បាន​និទ្ទេស A មាន​ចំនួន ៤៤៣នាក់ ធៀប​នឹង​ឆ្នាំ​២០១៨ មាន​តែ​៤០៨​នាក់​។ និទ្ទេស B មានចំនួន ២ ៤៣០នាក់ ធៀប​នឹង​ឆ្នាំ​២០១៨ មាន​ចំនួន​២ ២២២​នាក់​។ ចំណែក​និទ្ទេស C មានចំនួន ៥ ៨៤៧នាក់ ​និទ្ទេស D មានចំនួន ១៤ ១០០នាក់ និង​និទ្ទេស E មានចំនួន ៥៦ ២៣២​នាក់​។

ក្នុង​ចំណោម​បេក្ខជន​ដែល​ទទួល​បាន​និទ្ទេស A ចំនួន​៤៤៣​នាក់ មក​ពី​រាជ​ធានី​ភ្នំពេញ​១៤១​នាក់ សៀម​រាប ៣៨​នាក់ បាត់​ដំបង ៣២​នាក់ តាកែវ ២៩នាក់ កំពង់ចាម២៧នាក់ ព្រៃវែង២៧នាក់ បន្ទាយ​មាន​ជ័យ​២៥​នាក់ កណ្តាល​២៣​នាក់ កំពត​២៣​នាក់ ត្បូង​ឃ្មុំ​១៥​នាក់ កំពង់ធំ​១៤​នាក់ ព្រះសីហនុ​១៣​នាក់ ស្វាយ​រៀង​៨​នាក់ ពោធិសាត់​៧​នាក់ កំពង់​ឆ្នាំង​៦​នាក់​ កំពង់ស្ពឺ​៦​នាក់ ក្រចេះ​៤​នាក់ រតនគិរី​២​នាក់ កោះ​កុង​១​នាក់ មណ្ឌល​គិរី​១នាក់ និង​ឧត្តរ​មាន​ជ័យ​១​នាក់​។ក្រសួង​អប់រំ​តាម​រយៈ​សេច​ក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​បញ្ជាក់​ថា ដំណើរ​ការ​នៃ​ការ​ប្រឡង ទាំង​ដំណើរ​ការ​សំណេរ កំណែ និង​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ​បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ជោគ​ជ័យ ពុំ​មាន​ឧបទ្ទវ​ហេតុ​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ​។គួរ​រំលឹកថា កាល​ពី​ឆ្នាំ​២០១៨ កន្លង​ទៅ ក្រោយ​ពី​ការ​ប្រកាស​លទ្ធ​ផល​ភ្លាម សិស្សា​នុ​សិស្ស​មួយ​ចំនួន​បាន​នាំ​គ្នា​តវ៉ា ដើម្បី​ស្នើ​សុំ​សើ​រើ​លទ្ធផល​នៃ​ការ​ប្រឡង​មុខ​វិជ្ជា​គណិតវិទ្យា។

ជា​លទ្ធ​ផល​នៃ​ការ​តវ៉ា​នោះ ក្រសួង​អប់រំ បាន​រក​ឃើញ​បញ្ហា​បច្ចេក​ទេស ដោយ​សារ​កម្មវិធី​កុំព្យូទ័រ​មិន​បាន​បូក​ស្រង់​ពិន្ទុ​មុខ​វិជ្ជា​គណិតវិទ្យា​របស់​បេក្ខជន​ចំនួន​៧៤០​បន្ទប់ ដែល​ធ្វើ​ឲ្យ​លទ្ធផល​សិស្ស​ជិត​២ម៉ឺន​នាក់​មាន​ការ​ប្រែ​ប្រួល​។សូម​បញ្ជាក់ថា ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ​២០១៩ បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី១៩ ដល់​ថ្ងៃ​ទី២០ ខែសីហា មាន​មណ្ឌល​ប្រឡង​ទូទាំង​ប្រទេស​សរុប ២០២​មណ្ឌល និង​មាន​បេក្ខជន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​សរុប ១១៧ ០៤៣​នាក់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *