ជប៉ុនផ្តល់ឥណទាន ១៨៥លានដុល្លារដល់កម្ពុជាដើម្បីឆ្លើយតបវិបត្តិកូវីដ-១៩
រដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទានសម្បទាន ដែលមានទឹកប្រាក់សរុប ចំនួន ២០ ប៊ីលានយ៉េន ស្មើនឹងប្រមាណ ១៨៥ លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី២ នៅកម្ពុជា ។
ពិធីចុះហត្ថលេខាប្រគល់ និងទទួលប្រាក់កម្ចីនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២នេះ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាទីស្តីការនាយករដ្ឋមន្រ្តី( វិមានសន្តិភាព)។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និង ឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន ដែលមានទឹកប្រាក់សរុប ចំនួន ២០ ប៊ីលានយ៉េន ស្មើនឹងប្រមាណ ១៨៥ លានដុល្លារអាមេរិក សម្រាប់ អនុវត្តគម្រោងគាំទ្របន្ទាន់ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី២ នៅកម្ពុជា ហើយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកស្រី KAME Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោង «គាំទ្របន្ទាន់ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩ដំណាក់កាលទី២ នៅកម្ពុជា ។
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ថវិកាកម្ចីនេះ ប្រើសម្រាប់គាំទ្រសកម្មភាពនៃការអនុវត្តគោលនយោ បាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតប ទៅនឹងផលប៉ះពាល់សុខភាព, សង្គម និងសេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩ ជាពិសេ សលើជំនួយសង្គមសម្រាប់ពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះមានដូចជា៖ ប្រជាពលរដ្ឋមានជីវភាពស្ថិតក្រោមបន្ទាប់ភាពក្រីក្រ, ចាស់ជរា, ស្ត្រី, កុមារ និងជន ជាតិដើមភាគតិចជាដើម។
បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា កាលពីឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុន បានផ្តល់កម្ចីជាង ២៣៧លានដុល្លារផងដែរ ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ១៩នៅកម្ពុជានេះ។ សរុបទាំងពីរលើកជប៉ុនផ្តល់កម្ចីដល់កម្ពុជាជាង ៤២០លានដុល្លារ៕