សាខាគយនិងរដ្ឋករខេត្តតាកែវ កាន់តែធ្វើឲ្យក្រុមអាជីវករដឹកទំនិញក្តៅក្រហាយ
ខេត្តតាកែវ ៖ សាខាគយនិងរដ្ឋករខេត្តតាកែវ ដែលមានលោក ស៊ុន ឆាយ ជាប្រធានសាខា ទើបនិងផ្លាស់មកពីកំពងផែស្វាយ័ត្នក្រុងភ្នំពេញកំពុងធ្វើឲ្យក្រុមអាជីវករអ្នករកស៊ីដឹកទំនិញមកពីប្រទេសវៀតណាមក្តៅក្រហាយពីមួយថ្ងៃទៅមួយថ្ងៃព្រោះតែការបង់លុយច្រើនថ្នាក់ ច្រើនកន្លែង ទោះបង់លុយនៅច្រកហើយក៏ដោយ ក៏ត្រូវបង់លុយថ្លៃបាយតាមផ្លូវទៀត បើហ៊ានតែរំលង គឺត្រូវចាប់ឃាត់ទុកមិនខាន។
ពលរដ្ឋអ្នករកស៊ីដឹកផ្លែដូងទុំមកពីប្រទេសវៀតណាមម្នាក់បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា គាត់ត្រូវបានគយចល័តខេត្តតាកែវ ចាប់ឃាត់រថយន្តដឹកដូងទុំគាត់កាលពីយប់ថ្ងៃទី២៣ វិច្ឆិកានេះ វេលាម៉ោង៧និង៣០នាទី លើផ្លូវជាតិលេខ៣ ចំណុចក្បែរផ្សារអង្គតាសោម ស្រុកត្រាំកក់ និងបានទារលុយ២លានរៀល ទើបអនុញ្ញាតិឲ្យដឹកចេញ ដោយពួកគេថា គាត់ដឹកគេចមិនបង់ពន្ធ តែតាមការពិតគាត់បង់ទៅគយតាមកន្លែងដូចសព្វដងហើយ។ ក្រោយចាប់ឃាត់ភ្លាមៗនោះ ម្ចាស់រថយន្តថា បានចរចារគ្នាដែរតែមិនត្រូវរ៉ូវ ទើបគយចល័តអូសយកមកទុកនៅស្នាក់ការក្បែររង្វង់មូលអូរចំបក់មួយយប់។
លុះ ព្រឹកវេលាម៉ោង៧និង៤០នាទី ថ្ងៃទី២៤វិច្ឆិកា គាត់បានយកលុយ១លាន២០ម៉ឺនរៀលទៅបង់គយចល័ត ទើបគេអនុញ្ញាតិឲ្យបើករថយន្តចេញ។ ម្ចាស់រថយន្តបញ្ជាក់ថា មួយខែៗគាត់ដឹកដូងទុំមកពីច្រកកំពង់ផែកំពង់អំពិល ស្រុកបូរីជលសារពី៣ ទៅ៤ជើង ដោយក្នុងមួយលើកគាត់ដឹកបានដូងទុំ៨០០ឡូតិ៍ និងបានបង់លុយនៅកំពង់ផែ ហើយនិងគយចល័តនៅផ្លូវជាតិលេខ៣មិនដែលខាននោះទេ តែលើកនេះ មិនដឹងយ៉ាងម៉េចបានជាគយចល័តនៅផ្លូវជាតិលេខ២ទៅចាប់នៅផ្លូវជាតិលេខ៣ដែរ។
ពាក់ព័ន្ធនិងមន្ត្រីគយក្នុងខេត្តតាកែវនេះ កន្លងមកក៏មានក្រុមអាជីវករនៅច្រកទ្វារអន្តរជាតិភ្នំដឹន ស្រុកគីរីវង់ បានប្រតិកម្មនិងធ្វើការតវ៉ាផងដែរ ដោយលើកឡើងថា ចាប់តាំងពីដូរមេគយ គឺលោក ស៊ុន ឆាយ មកជាប្រធានសាខាពន្ធដារខេត្តតាកែវមក ពួកគាត់ពិបាករកស៊ីណាស់ ព្រោះត្រូវបង់លុយជូនលោកគយគុណនិង២គុណ៣ ឯណោះ។ ក្រុមអាជីវករជាច្រើននៅតែទទួចសុំលោកមេគយថ្នាក់លើពិនិត្យករណីមន្ត្រីគយក្នុងខេត្តតាកែវនេះផងទាន! ៕