ព័ត៌មានជាតិ

ដកតំណែងមេប៉ុស្តិ៍សំរោងធំ ក្រោយជំរិតទារប្រាក់ពីយុវជនបីនាក់ចំនួន ៣៥០០ដុល្លារ ជាថ្នូរនឹងការដោះលែង

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេច​ដកហូតមុខតំណែង លោក ហួត សីហា ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកគៀនស្វាយ ព្រមទាំងបន្ថយឋានន្តរស័ក្តិ ពីវរសេនីយ៍ត្រីឱ្យមកត្រឹមអនុសេនីយ៍ឯកទៀតផង ក្រោយ​ពីរកឃើញថា មេប៉ុស្តិ៍រូបនេះល្មើស​នឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ។

បើតាម​សេចក្តីរាយការណ៍ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០២១ លោក ហួត សីហា មេប៉ុស្តិ៍សំរោងធំបានចាប់ខ្លួនយុវជន៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយបានជំរិតទារប្រាក់ពីយុវជនទាំងបីនាក់នោះចំនួន ៣៥០០ដុល្លារ ជាថ្នូរនឹងការដោះលែង។

ក្នុងករណីនេះ ក្រោយពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យការិយាល័យបុគ្គលិកចុះស្រាវជ្រាវ។ បន្ទាប់ពីការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះស្រាវជ្រាវ និងសួរនាំបានឱ្យដឹងថា លោកវរសេនីយ៍ត្រី ហួត សីហា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានអនុវត្តខុសនីតិវិធី។

លោកវរសេនីយ៍ត្រី ហួត សីហា ត្រូវបានអនុវត្តវិន័យ និងសួរនាំបន្ថែម នៅការិយាល័យបុគ្គលិក រង់ចាំការសម្រេចពីគណៈស្នងការ និងធ្វើរបាយការណ៍សុំគោលការណ៍បន្ថែម ទៅថ្នាក់ជាតិដើម្បីពិនិត្យសម្រេច និងបានដកហូតមុខតំណែងពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ឱ្យមកជាមន្រ្តី និងបន្ថយឋានន្តរស័ក្កចំនួន ១ថ្នាក់ ឱ្យនៅត្រឹមថ្នាក់អនុសេនីយ៍ឯក ដោយមូលហេតុ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *